Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា ដោយរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បាន៤លាននាក់ ក្នុងឆ្នាំនេះ​

spot_img

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia Year 2023) ដោយបានបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់មុខមាត់កម្ពុជា នៅតាមព្រឹត្តិការណ៍ថ្នាក់ជាតិនានាជាពិសេស នាឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំប្រារព្ធព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម​​ឆ្នាំ២០២៣ (SEA Games និង ASEAN Para Games 2023)។

ជាមួយនិងព្រឹត្តិការណ៍នេះ មានការរំពឹងទុកថា កម្ពុជា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បាន៤លាននាក់ និង ភ្ញៀវទេសចរក្នុងស្រុក ១៥ លាននាក់ក្នុងឆ្នាំ២០២៣នេះ ហើយកម្ពុជាក៏រំពឹងទុកថា នឹងអាចរកចំណូលពីវិស័យនេះបានចំនួន ៤ពាន់លានដុល្លារក្នុងឆ្នាំនេះផងដែរ។

កន្លងទៅ លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានឲ្យដឹងថា យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ឆ្នាំ២០២៣ បង្កើតឡើងក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបានប្រមាណ១៩លាននាក់។

លោក បានមានប្រសាសន៍ថា ឆ្នាំ២០២៣ អាចទាក់ទាញទេសចរអន្តរជាតិត្រឡប់មកវិញឱ្យបានយ៉ាងហោចណាស់៤លាននាក់ និងទេសចរផ្ទៃក្នុង១៥លាននាក់ ដោយអាចទាញនូវផលប្រយោជន៍សេដ្ឋកិច្ចបានក្នុងរង្វង់ ៤ ០០០លានដុល្លារ ពីវិស័យនេះ។ យោងតាមការប៉ាន់ប្រមាណ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរប្រហែល ១លាននាក់ ពីចិននៅឆ្នាំ២០២៣នេះ។

ចំនួនភ្ញៀវទេសចរចិន មកកម្ពុជា នឹងកើនឡើងក្នុងឆ្នាំ២០២៣នេះ ដោយសារមានការបន្ថូរបន្ថយភាពតឹងរ៉ឹងនៅទីក្រុងប៉េកាំង ។ កាលពីឆ្នាំ២០១៩ ភ្ញៀវទេសចរចិនប្រមាណជា ២,៣ លាននាក់ បានមកទស្សនាកម្ពុជា ស្មើនិង ៣៥,៧ ភាគរយនៃភ្ញៀវទេសចរណ៍អន្តរជាតិមកដល់ប្រទេសកម្ពុជា។ ភ្ញៀវទេសចរចិន បានចូលរួមចំណែកក្នុងការរកប្រាក់ចំណូលប្រមាណជា ១,៨ ពាន់លានដុល្លារ ក្នុងចំណោមចំណូលសរុប ៥ពាន់លានដុល្លារ។

គួរំលឹកថា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ ២,២លាននាក់ បើធៀបឆ្នាំ២០២១ ដែលមានភ្ញៀវទេសចរអន្តរជាតិត្រឹម២០ម៉ឺននាក់។ ភ្ញៀវទេសចរផ្ទៃក្នុង ដែលធ្វើដំណើរក្នុងប្រទេស មានក្នុងរង្វង់១៤លាននាក់ ជាកំណើនខ្លាំង ដែលលើសពីចំនួន មុនពេលជំងឺកូវីដ-១៩៕

spot_img
×