Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថក្រោះអាល្លឺម៉ង់ ជិត២០គ្រឿង អាចនឹងត្រូវបញ្ជូនទៅកាន់អ៊ុយក្រែន

spot_img

រដ្ឋធានីប៊ែរឡាំង៖ ជាមួយនឹងសម្ពាធរបស់សម្ពន្ធមិត្តលោកខាងលិច កាន់តែទម្លាក់ខ្លាំងឡើង មកលើលោកអធិការបតីអាល្លឺម៉ង់ រហូតធ្វើឲ្យក្រុងប៊ែរឡាំង ផ្លាស់ប្ដូរឥរិយាបថ ប៉ុន្ដែឥឡូវនេះ លោកស្រី រដ្ឋមន្រ្ដីក្រសួងការបរទេស បានអះអាង ថា អាល្លឺម៉ង់ នឹងមិនរារាំង ដល់ការនាំចេញរថក្រោះ Leopard នោះទេ ហើយគេសង្ឃឹម ថា រថក្រោះប្រភេទនេះ ប្រហែលជិត២០គ្រឿង អាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៤ ខែមករា ថា លោកស្រី អានណា បាអៀប៊ុក (Anna Baerbock) រដ្ឋមន្រ្ដីក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់ ថា «លោកស្រី នឹងមិនរារាំងដល់ប្រទេសប៉ូឡូញ ប្រសិនបើក្រុងវ៉ាសាវី ត្រូវផ្ដល់រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

អ៊ុយក្រែន បានអំពាវនាវដល់បណ្ដាប្រទេសបស្ចិមលោក ត្រូវតែផ្ដល់រថក្រោះផលិត ដោយប្រទេសអាល្លឺម៉ង់ ទៅជួយដល់ពួកគេ។ រថក្រោះផលិត Leopard របស់អាល្លឺម៉ង់ នឹងជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ដណ្ដើមជ័យជម្នះ ពីទាហានរុស្ស៊ី។

លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC ថា អាល្លឺម៉ង់ មានអំណាច ដើម្បីសង្គ្រោះអាយុជីវិតរបស់ទាហានអ៊ុយក្រែន យ៉ាងច្រើន។ ប៉ុន្ដែក្រុងប៊ែរឡាំង នៅតែមិនទាន់ព្រមព្រៀងនៅឡើយ។

ទោះជាយ៉ាងណា លោកស្រី Baerbock រដ្ឋមន្រ្ដីក្រសួងបរទេសអាល្លឺម៉ង់ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ប៉ូឡូញ នៅតែមិនទាន់បានស្នើសុំការអនុញ្ញាត នាំចេញរថក្រោះផលិតដោយអាល្លឺម៉ង់ នៅឡើយ។ លោកស្រី រដ្ឋមន្រ្ដី បានប្រាប់ដល់ទូរទស្សន៍បារាំង LCI TV ថា «សម្រាប់ពេលនេះ សំណួរមិនត្រូវបានសួរទេ ប៉ុន្តែប្រសិនបើយើង ត្រូវបានគេសួរ យើងនឹងមិនរារាំងនោះដែរ»។

លោក ម៉ាទូស ម៉ូរ៉ាវីកគី (Mateusz Morawiecki) នាយករដ្ឋមន្រ្ដីប៉ូឡូញ បានថ្លែង កាលពីថ្ងៃចន្ទ ថា រដ្ឋាភិបាលក្រុងវ៉ាសាវី នឹងធ្វើសំណើសុំសិទ្ធិនាំចេញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ ទៅកាន់ក្រុងប៊ែរឡាំង។ ប៉ុន្ដែលោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ ថា ប៉ូឡូញ នឹងបញ្ជូន Leopard 2 ជាច្រើនគ្រឿង បញ្ចេញពីឃ្លាំងស្ដុកអាវុធរបស់ខ្លួន នាំទៅជួយដល់ប្រទេសអ៊ុយក្រែន ប្រសិនបើក្រុងប៊ែរឡាំង មិនអនុញ្ញាត។

លោកនាយករដ្ឋមន្រ្ដីប៉ូឡូញ បានសង្កត់ធ្ងន់ ថា «នៅទីបំផុត បើទោះជាយើងមិនទទួលបានការអនុញ្ញាតយ៉ាងណាក៏ដោយ នៅក្នុងក្របខ័ណ្ឌក្រុមចម្រុះតូចមួយ… យើងនឹងនៅតែប្រគល់រថក្រោះរបស់យើង រួមជាមួយនឹងប្រទេសផ្សេងៗទៀត បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន»។

លោក ចូសេប ប័ររ៉ែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានបញ្ជាក់ ថា «អាល្លឺម៉ង់ មិនគួរបញ្ឈប់បណ្ដាប្រទេសអឺរ៉ុប នាំចេញរថក្រោះ Leopard 2 ទៅជួយអ៊ុយក្រែន នោះឡើយ។ ចំណែកការពិភាក្សា អំពីកិច្ចគាំទ្រ ជួយដល់អ៊ុយក្រែន នឹងមិនគួរនៅតែវិលវល់ ជុំវិញបញ្ហារថក្រោះទេ»។

អ្នកនាំពាក្យ រដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ក្រុងប៊ែរឡាំង នៅមិនទាន់ទទួលបានសំណើសុំសិទ្ធិនាំចេញរថក្រោះ Leopard 2 ណាមួយនៅឡើយ។

អស់រយៈពេល២ទៅ៣ខែកន្លងមកនេះ ក្រសួងការពារជាតិអាល្លឺម៉ង់ បានចងក្រងបញ្ជីឈ្មោះរថក្រោះ Leopard គ្រប់ម៉ូដែលរបស់ខ្លួន ដែលប្រទេសមហាសេដ្ឋកិច្ចកំពូល នៅអឺរ៉ុបមួយនេះ មាន ដោយរាប់បញ្ជូលទាំង រថក្រោះដែលអាចនឹងត្រូវផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន ផងដែរ។

សារព័ត៌មានរបស់អាល្លឺម៉ង់ Der Spiegel (ឌឺរ ស្ពៀហ្គែល) បានរាយការណ៍ កាលពីថ្ងៃទី២១ ខែមករា ដោយដកស្រង់ប្រភពនានា ពីរដ្ឋាភិបាលអាល្លឺម៉ង់ ថា ក្រសួងការពារជាតិអាល្លឺម៉ង់ ជឿ ថា រថក្រោះ Leopard 2A5 ចំនួន១៩គ្រឿង សមល្មម នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×