Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិក វាយតម្លៃថា រុស្ស៊ី បញ្ជូនទាហានមានការហ្វឹកហ្វឺនតិចតួច ចូលសមរភូមិក្ដៅ

spot_img

រដ្ឋធានីកៀវ៖ ស្របពេលប្រមុខយោធារបស់ប្រទេសន័រវ៉ែស បានអះអាង អំពីទាហានរុស្ស៊ី ប្រហែល ១៨០ ០០០នាក់ បានស្លាប់ ឬ របួស នៅលើសមរភូមិប្រយុទ្ធជាមួយនឹងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ នោះមក មន្រ្ដីជាន់ខ្ពស់មួយរូបរបស់មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានរាយការណ៍ អំពីក្រុងមូស្គូ កំពុងតែបញ្ជូនទាហានមានការហ្វឹកហ្វឺនតិចតួចបំផុត ទៅប្រយុទ្ធ នៅក្នុងសមរភូមិក្ដៅ នៅទីក្រុងបាឃ្មូត (Bakhmut) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។

សារព័ត៌មាន NV បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៤ ខែមករា ថា លោក ជេក ដេតឆ៍ (Jack Detsch) អ្នករាយការណ៍ អំពីគោលនយោបាយការបរទេស បានសរសេរ នៅក្នុងបណ្ដាញសង្គមធ្វីធើរ កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្ដីរបស់មន្រ្ដីជាន់ខ្ពស់មួយរូប នៃមន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ថា ក្រុមមេបញ្ជាការទាហានរុស្ស៊ី កំពុងតែបញ្ជូនទាហានរាប់ម៉ឺននាក់ គ្មានការហ្វឹកហ្វឺន និង ខ្វះខាតសម្ភារសឹក ទៅប្រយុទ្ធនៅក្នុងសមរភូមិក្ដៅ នៅទីក្រុងបាឃ្មូត (Bakhmut) ខេត្តដូណែតស្ក៍ (Donetsk)។ ទាហានរាប់ម៉ឺននាក់ទើបនឹងកេណ្ឌមកថ្មីទាំងនោះ នឹងត្រូវបង្កើនកម្លាំងឈរជើង នៅតាមទីតាំងផ្សេងៗ ស្របពេលកម្លាំងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ចុះខ្សោយ ដោយសារការប្រយុទ្ធគ្នា នៅក្នុងសមរភូមិបាឃ្មូត។

លោក ជេក ដេតឆ៍ (Jack Detsch) បានបន្ថែម ថា បើតាមការវាយតម្លៃរបស់សហរដ្ឋអាមេរិក បានឲ្យដឹង ថា ទាហានរបស់រុស្ស៊ីទាំងនោះ គ្មានការហ្វឹកហាត់ឲ្យបានដិតដល់ ហើយថែមទាំងមិនបានបំពាក់គ្រឿងសឹក ឲ្យបានគ្រប់គ្រាន់នោះឡើយ។ ពួកគេត្រូវបានបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធដ៏ក្ដៅបំផុត នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ទីក្រុងបាឃ្មូត នៅតែជាចំណុចក្ដៅ នៅក្នុងចំណោមសមរភូមិប្រយុទ្ធនានា នៅក្នុងប្រទេសអ៊ុយក្រែន ខណៈកម្លាំងទាហានរុស្ស៊ី បានកំណត់គោលដៅ វាយដណ្ដើមកាន់កាប់ទីក្រុងយុទ្ធសាស្រ្ដមួយនេះ។ នៅមុនពេលសង្គ្រាមផ្ទុះឡើងនោះ ទីក្រុងបាឃ្មូត មានប្រជាជនអ៊ុយក្រែន ប្រហែល ៧៣ ០០០នាក់រស់នៅ ហើយឥឡូវនេះ ទីក្រុងមួយនេះ ក្លាយជាសមរភូមិវាយប្រយុទ្ធគ្នាយ៉ាងសាហាវបំផុត។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានរាយការណ៍ ថា រុស្ស៊ី បានបាត់បង់ទាហាន ចំនួន ១២១ ៤៨០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

ដោយឡែក លោកឧត្ដមសេនីយ៍ អេរីក គ្រីស្ដូហ្វហ័រសេន (Eirik Kristoffersen) ប្រមុខកងទ័ពន័រវ៉ែស បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងទូរទស្សន៍ TV2 ថា «ការខូចខាតរបស់រុស្ស៊ី មានស្លាប់ ឬ របួសដល់កងទ័ព ប្រហែល ១៨០ ០០០នាក់ ខណៈអ៊ុយក្រែន ក៏បានរងការខូចខាត ប្រហែល ១សែននាក់ ហើយជនស៊ីវិល ប្រហែល ៣០ ០០០ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមនេះ»។

ន័រវ៉ែស ជាប្រទេសអឺរ៉ុបខាងជើង មានព្រំដែនជាប់ជាមួយនឹងប្រទេសរុស្ស៊ី ហើយក្រុងអូស្លូ បានចូលជាសមាជិករបស់អង្គការណាតូ ចាប់តាំងពីអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ បានបង្កើនឡើង នៅក្នុងអំឡុងឆ្នាំ១៩៤៩មកម៉្លេះ។

លោក ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ កងទ័ពសហរដ្ឋអាមេរិក ធ្លាប់បានលើកឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ថា រុស្ស៊ី បានរងនូវការខូចខាតកម្លាំងទាហាន ទាំងស្លាប់ ឬ របួស ប្រហែលជាង ១សែននាក់ ខណៈអ៊ុយក្រែន មានរងគ្រោះថ្នាក់ ប្រហាក់ប្រហែលគ្នានេះដែរ។

ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងកៀវ មិនបានផ្ដល់តួលេខ អំពីចំនួនការខូចខាតកម្លាំងទ័ពរបស់ពួកគេ នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ គួរឲ្យទុកចិត្តនោះឡើយ។ ជាមួយគ្នានេះ ក៏មិនទាន់មានប្រភពឯករាជ្យណាមួយ បញ្ជាក់ អំពីចំនួនកងទ័ពទាំងសងខាង រងគ្រោះថ្នាក់ ឲ្យបានជាក់លាក់នោះឡើយ៕ រក្សាសិទ្ធិដោយ ៖សារាយSN

spot_img
×