Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រំពឹងថា ស្វីស នឹងបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ  

spot_img

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រដ្ឋាភិបាលស្វីស បានផ្តល់ចំជំនួយ និងកម្មវិធីអភិវឌ្ឍនានាក្នុងវិស័យជាច្រើនដល់កម្ពុជា ដូចជាអភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង រហូតដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារ។

ជាក់ស្តែងក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកាសេដ្ឋកិច្ចពិភពលោក នាថ្ងៃទី១៩ ខែមករា នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីសកន្លងទៅថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានជួបពិភាក្សាការងារជាមួយ លោកស្រី Helene Budliger Artieda រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស ដោយបានពិភាក្សាលើការពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៣ ដែលនាំឱ្យមានទំនាក់ទំនងល្អរហូតមកដល់បច្ចុប្បន្ន។ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទំាងពីរគឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងប្រទេសស្វីស មានចំនួនសរុបប្រមាណ ៣៧៩លានដុល្លាអាមេរិក រីឯនៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុប មានចំនួនសរុបប្រមាណជាង ៩៧៤លានដុល្លាអាមេរិក។

លោកស្រី Helene Budliger Artieda បានបង្ហាញការស្វាគមន៍ឆ្លើយតបលើគំនិតផ្តួចផ្តើមនេះ និងបានបញ្ជាក់ថា រដ្ឋាភិបាលស្វីស បាន និងកំពុងគាំទ្រកម្ពុជា ក្នុងដំណើរការអន្តរកាល និងកិច្ចខិតខំប្រឹងប្រែងនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួន ៣ ដែលមានប្រទេសចំនួន ១៥ រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីរទៀត គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានកាលពីឆ្នាំ ២០២២។ ក្រៅពីនេះ ក៏កំពុងចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CAM-UAE CEPA) រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលរំពឹងថា នឹងឈានដល់ការចុះហត្ថលេខាជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ៕

spot_img
×