Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាសហរដ្ឋអាមេរិក កោតសរសើរប្រធានាធិបតីអ៊ុយក្រែន អំពីការប្រយុទ្ធនឹងអំពើពុករលួយ ខណៈប្រទេសស្ថិតក្នុងសង្គ្រាម

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលអ៊ុយក្រែន កំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នៅលើទឹកដីរបស់ខ្លួននោះ មេដឹកនាំ នៃប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមមួយនេះ ក៏កំពុងតែប្រយុទ្ធ ប្រឆាំងនឹងអំពីពុករលួយបន្ថែមទៀត រហូតធ្វើមហាអំណាចកំពូលរបស់បស្ចិមលោក បានកោតសរសើរយ៉ាងខ្លាំង ជាមួយនឹងការអះអាង អំពីការផ្ដល់ជំនួយបន្ដទៀត។

សារព័ត៌មាន US News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៥ ខែមករា ថា សមាជិកសភារបស់សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និង សាធារណរដ្ឋ កាលពីថ្ងៃអង្គារ បានកោតសរសើរ ដល់រដ្ឋាភិបាលអ៊ុយក្រែន សម្រាប់ការចាត់វិធានការយ៉ាងឆាប់រហ័ស ប្រឆាំងនឹងអំពើពុករលួយ។ ជាមួយគ្នានេះ តំណាងរាស្រ្ដទាំង២គណបក្សរបស់ប្រទេសមហាអំណាចកំពូលនៅលើលោកមួយនេះ ថែមទាំងបានអះអាង ថា ជំនួយយោធា និង មនុស្សធម៌របស់សហរដ្ឋអាមេរិក គួរតែបន្ដ ជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskiy) បន្ថែមទៀត។

ការកោតសរសើររបស់សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមរិក បានកើតឡើង ស្របគ្នានឹងក្រុមមន្រ្ដីជាន់ខ្ពស់របស់អ៊ុយក្រែន មួយចំនួន ត្រូវបានបណ្តេញ ចេញពីមុខតំណែង កាលពីថ្ងៃអង្គារ ។ នេះជាការរង្គោះរង្គើខាងនយោបាយដ៏ធំបំផុតមួយ នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពេលរដ្ឋាភិបាលក្រុងកៀវ បានអះអាង ថា លោកប្រធានាធិបតី ហ្សេឡែនស្គី កំពុងតែធ្វើសកម្មភាព ស៊ីសង្វាក់គ្នាជាមួយសាធារណជនរបស់គាត់ បន្ទាប់ពីមានការចោទប្រកាន់ អំពីអំពើពុករលួយ។

លោក លីនសេ ហ្ក្រាហាម (Lindsey Graham) សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ បានថ្លែងទៅកាន់សន្និសីទសារព័ត៌មាន ក្រោយការវិលត្រឡប់ មកពីរដ្ឋធានីក្រុងកៀវ ត្រឹមតែរយៈពេល១ថ្ងៃ ថា «នេះជាពេលវេលាកំណត់ សម្រាប់អ៊ុយក្រែន ហើយក៏ជាពេលវេលាកំណត់ សម្រាប់យើងទាំងអស់គ្នា ដូចជា អាល្លឺម៉ង់ សហរដ្ឋអាមេរិក សម្ពន្ធមិត្តរបស់យើង។ យើងរំពឹង ថា លោកប្រធានាធិបតី ហ្សេឡែនស្គី នឹងធ្វើតាមការសន្យា ដែលគាត់បានប្ដេជ្ញា ថា អ៊ុយក្រែន នឹងលុបបំបាត់អំពើពុករលួយ»។

សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ ថា «យើងមានទំនុកចិត្តលើបញ្ហានេះ ហើយវាជាការបោះជំហាន ជាលើកដំបូង នៅក្នុងដំណើរដ៏វែងឆ្ងាយ សម្រាប់ការផ្លាស់ប្ដូរ អំពីរបៀបធ្វើការ»។

លោក រីឆាដ ប្លូមែនថល (Richard Blumenthal) សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ ដែលរួមដំណើរជាមួយដែរនោះ បានបញ្ជាក់ ថា ការបណ្ដេញមន្រ្ដីជាន់ខ្ពស់ ប្រព្រឹត្ដអំពើពុករលួយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ នេះជាការបង្ហាញ អំពីអ្វីដែលលោកប្រធានាធិបតី ហ្សេឡែនស្គី បានប្រាប់ពួកយើង ថា នឹងមិនមានការអត់ធ្មត់ ចំពោះការក្លែងបន្លំ ឬ ការកិបកេងខ្ជះខ្ជាយនោះឡើយ។ ប៉ុន្ដែសកម្មភាពពុករលួយទាំងនោះ មិនបានបង្ហាញ ថា គ្រឿងយុទ្ធភណ្ឌរបស់សហរដ្ឋអាមេរិក មានការជាប់ព័ន្ធនឹងអំពើពុករលួយនោះឡើយ»។

សមាជិកព្រឹទ្ធសភា រូបនេះ បានបញ្ជាក់ ថា «រហូតមកដល់ពេលនេះ រាល់ការត្រួតពិនិត្យ និង ការឆែកឆេរពិនិត្យមើល មិនបានបង្ហាញ អំពីការកេងបន្លំ ឬ ការខ្ជះខ្ជាយ ហើយក៏គ្មានការកេងបន្លំនូវជំនួយយោធា ឬ ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក ដែលត្រូវបានផ្តល់ឲ្យនោះដែរ»។

លោក សែលដុន វ៉ាយហាវ (Sheldon Whitehouse) សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ ដែលរួមដំណើរទៅកាន់ទីក្រុងកៀវ បានកោតសរសើរ ដល់កងទ័ពអ៊ុយក្រែន ចំបោះការតាមដានគ្រឿងសឹក ត្រូវបានផ្គត់ផ្គង់ ដោយសារសហរដ្ឋអាមេរិក ព្រោះពួកគេដឹង ថា «យើងត្រូវការទំនុកចិត្ត នៅក្នុងសហរដ្ឋអាមេរិក»។

សមាជិកព្រឹទ្ធសភាទាំង៣រូបនេះ បានបញ្ជាក់ ថា ជំនួយរបស់សហរដ្ឋអាមេរិក នឹងបន្ដបញ្ជូន ទៅកាន់អ៊ុយក្រែន។ ជាមួយគ្នានេះ លោក ហ្ក្រាហាម បានសង្កត់ធ្ងន់ ថា «ខ្ញុំដឹង ថា យើងមានការនឿយណាយ នៅក្នុងការចូលរួមក្នុងជម្លោះ នៅខាងក្រៅប្រទេសរបស់យើង ប៉ុន្តែអ្វីៗទាំងអស់ ដែលយើងប្រកាន់ខ្ជាប់ និង ជាទីស្រឡាញ់ នៅក្នុងនាមប្រទេសមួយ មានការជាប់ពាក់ព័ន្ធ»។

លោក ប៉ាវឡូ ខាលីម៉ុន (Pavlo Khalimon) សមាជិកសភារបស់អ៊ុយក្រែន នឹងត្រូវបណ្តេញចេញពីគណបក្សរបស់លោកប្រធានាធិបតី ហ្សេឡែនស្គី ដោយសារតែមានការជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ អំពីការប៉ុនប៉ងលាក់បាំងនូវការទិញវិឡាដ៏ទំនើបមួយកន្លែង នៅក្នុងរដ្ឋធានីកៀវ។ បើតាមការស៊ើបអង្កេតរបស់កាសែត Ukrainska Pravda (អ៊ុយក្រែនស្កា ប្រាវដា) បានបង្ហាញ ថា លោក Pavlo Khalimon បានទិញវិមានដ៏ប្រណីតមួយកន្លែង នៅកណ្តាលទីក្រុងកៀវ កាលពីរដូវក្តៅ ឆ្នាំ២០២២ ដោយបានដាក់ឈ្មោះមនុស្សផ្សេង។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើននាក់របស់អ៊ុយក្រែន បានប្រកាស អំពីការលាលែងមុខតំណែងរបស់ពួកគេ កាលពីថ្ងៃអង្គារ ចំពេលលោកប្រធានាធិបតី ហ្សេឡែនស្គី បានអះអាង ថា នឹងមានការផ្លាស់ប្តូរមន្រ្ដីមួយចំនួន នៅក្នុងរដ្ឋាភិបាលរបស់គាត់។ ស្របគ្នានេះដែរ លោក វៀចេស្លាវ សាប៉ូវ៉ាឡូវ (Viacheslav Shapovalov) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបន្ទុកផ្នែកភស្តុភារ សម្រាប់កងទ័ពអ៊ុយក្រែន ក៏បានលាលែងមុខតំណែងរបស់គាត់ ពាក់ព័ន្ធនឹងការចោទប្រកាន់ ជុំវិញរឿងអាស្រូវផ្គត់ផ្គង់ស្បៀង ប៉ុន្ដែគាត់បានបដិសេធ។

លោក អូឡែកស៊ី ស៊ីម៉ូណែនកូ (Oleksiy Symonenko) អគ្គរដ្ឋអាជ្ញារង និង លោក គីរីឡូ ទីម៉ូសែនកូ (Kyrylo Tymoshenko) អនុប្រធានខុទ្ទកាល័យរបស់លោកប្រធានាធិបតី ហ្សេឡែនស្គី ក៏បានប្រកាសលាលែង ពីតំណែង ដោយមិនបានប្រាប់ អំពីហេតុផល សម្រាប់ការចាកចេញរបស់ពួកគេ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×