ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះបានព្យាករណ៍អាកាសធាតុ ពីបាតុភូតធម្មជាតិពីរ គឺខ្យល់មូសុងនិរតី និងជ្រងសម្ពាធទាប បាននិងកំពុងមានឥទ្ធិពលលើកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
ក្រសួងធនធានទឹក បានបញ្ជាក់ថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ខ្យល់មូសុង និរតី បាននិងកំពុងបង្កើនឥទ្ធិពលសារជាថ្មីឡើងវិញ មកលើតំបន់មាត់សមុទ្រ ។ ជ្រលងសម្ពាធទាប នៅលើផ្ទៃដី បាននិងកំពុងអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជា ។ យោងតាមការព្យាករណ៍ បាតុភូតធម្មជាតិទាំងពីរខាងលើនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើននៅក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ដល់ទី៣០ ខែមិថុនាឆ្នាំ២០១៨។ ដោយ៖បញ្ញាស័ក្តិ