Monday, June 5, 2023

រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង បង្ហាញបំណងចង់វិនិយោគរថភ្លើងល្បឿនលឿនពីភ្នំពេញទៅហូជីមិញ និងបាងកក

spot_img

ភ្នំពេញ៖ លោក អូលីវេ្យ បិច រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា បានបង្ហាញពីបំណងចង់វិនិយោគរថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅហូជីមិញ និងពីភ្នំពេញ ទៅបាងកក និងវិស័យមួយចំនួនទៀត និងវិស័យដឹកជញ្ជូនតាមផ្លូវទឹក, ផ្លូវគោក និងអាកាស, សំណង់, ថាមពលកកើតឡើងវិញ។

ក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅស្ថានទូតបារាំង លោក អូលីវេ្យ បិច បានប្រាប់ថា បារាំងនឹងស្វែងរកឱកាសវិនិយោគលើវិស័យសណ្ឋាគារ, ព្រលានយន្តហោះ, កសិកម្ម, កសិ-ឧស្សាហកម្ម និងរោងចក្រផលិតទឹកស្អាតនៅបាក់ខែង ជាដើម។

លោក អូលីវេ្យ បិច បានបន្តថា បច្ចុប្បន្ន បារាំងមានប្រហែល ១៥០ ក្រុមហ៊ុន ដែលកំពុងតែរកស៊ីនៅកម្ពុជា និងបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្មកម្ពុជានិងបារាំង រីឯកម្ពុជា ក៏មានក្រុមហ៊ុនច្រើន ដែលកំពុងរកស៊ីនៅក្នុងប្រទេសបារាំងផងដែរ។

លោកបានបន្ថែមថា ក្រុមហ៊ុនកម្ពុជា ក៏អាចពឹងលើក្រុមហ៊ុនរបស់បារាំងផងដែរ ដើម្បីអាចនាំចេញទំនិញឬក៏ផលិតផលរបស់ខ្មែរទៅកាន់ទីផ្សារអឺរ៉ុប និងអាហ្វ្រិក ដោយសារមានក្រុមហ៊ុនបារាំងជាច្រើន ដែលបានរកស៊ីនៅកម្ពុជា។

បើតាមការលើកឡើងរបស់លោក អូលីវេ្យ បិច បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង មានទឹកប្រាក់ជាង ១ពាន់លានអឺរ៉ូ ខណៈដែលទៅថ្ងៃអនាគតបារាំង នឹងប្តេជ្ញាបង្កើនទំហំទឹកប្រាក់ឲ្យកើនជាងនេះបន្ថែមទៀត៕

×