ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបញ្ជូនកម្លាំងអ្នកដោះមីន ទៅបណ្ដុះបណ្តាលការដោះមីន នៅអ៊ុយក្រែន ជារឿងមនុស្សធម៌សុទ្ធសាធ

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនបានផ្តល់ជំនួយ ឬបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ សូមកុំមានការភាន់ច្រឡំ។ ឯរឿងបញ្ជូនកម្លាំងអ្នកដោះមីន ទៅបណ្ដុះបណ្តាលការដោះមីន នៅអ៊ុយក្រែន ជារឿងមនុស្សធម៌សុទ្ធសាធ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា កម្ពុជាប្រកាសទទួលអ្នករៀនដោះមីននៅកម្ពុជាផងដែរ។ ការបោសសំអាតមីន ជាកិច្ចការដែលប្រទេសនៅលើពិភពលោកទាំងអស់ត្រូវចូលរួម។

សម្តេចតេជោ ហ៊ុន សែន បានហាមកុំយកកម្ពុជា ទៅភ្ជាប់នឹងបញ្ហាយោធានៅអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំក៏សូមបញ្ជាក់ ក្នុងឋានៈជាអ្នកសម្រេចចិត្តខាងនយោបាយ ដែលទទួលការខុសត្រូវ លើនយោបាយ ក្នុងប្រទេសនិងក្រៅប្រទេស បញ្ជាក់អំពីការទទួលខុសត្រូវថា កម្ពុជានឹងទទួលយកអ្នកណាក៏ដោយ ប្រទេសណាក៏ដោយដែលចង់រៀនដោះមីន សូមមករៀនពីកម្ពុជា។ អញ្ចឹងទេ សូមកុំឲ្យកម្ពុជា ចូលពាក់ព័ន្ធនឹងសកម្មភាពយោធា នៅអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្វាគមន៍គ្រប់ប្រទេស ដែលចង់រៀនពីការដោះមីននៅកម្ពុជា ខណៈកូឡុមប៊ី មករៀននៅខ្មែរច្រើនជាងគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ការបោសសម្អាតមីន គឺជាកិច្ចការ ដែលប្រទេសនៅលើពិភពលោកទាំងអស់ត្រូវចូលរួម។

សូមជម្រាបថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថាប្រទេសកម្ពុជាបានផ្ដល់ជំនួយ យោធាសម្រាប់អ៊ុយក្រែន ដោយ Channel Telegram​ មានឈ្មោះថា «Demografiya upala»។

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បញ្ជាក់ថា ការសម្រេចចិត្តផ្ដល់ជំនួយផ្នែកបណ្ដុះបណ្ដាលបច្ចេកទេស ដោះគ្រាប់មីន ដល់អ្នកដោះមីនមកពីប្រទេសអ៊ុយក្រែន នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA​ គឺធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌សុទ្ធសាធ ដូចគ្នាទៅនឹងបេសកកម្មរក្សាសន្តិភាពនានារបស់កម្ពុជា នៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ាដូច្នោះដែរ ក្រោមឆត្រអង្គការសហប្រជាជាតិ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញឱ្យ ChannelTelegram «Demografiya Upala» កែតម្រូវព័ត៌មានខាងលើឡើងវិញនៅលើគណនី ដែលការពិតគ្រុបនេះ មិនត្រឹមតែមិនមែនជាគណនីពិតប្រាកដនោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប៉ះពាល់ដល់កម្ពុជា ក្នុងនាមជាប្រទេសមួយស្រឡាញ់សន្តិភាពស្របទៅនឹងគោលនយោបាយការបរទេសអព្យាក្រឹត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម