Sunday, March 26, 2023

ការធ្វើពាណិជ្ជកម្មកម្ពុជា-អូស្រ្តាលី កើនឡើង ៣២៥លានដុល្លារ នៅឆ្នាំ២០២១ ដល់ ៥២៣លានដុល្លារ នៅឆ្នាំ២០២២

spot_img

ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អូស្រ្តាលី បានកើនឡើងពី៣២៥លានដុល្លារ ក្នុងឆ្នាំ២០២១ ដល់៥២៣លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះជាការថ្លែងរបស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងឱកាសអញ្ជើញចូលរួម ក្នុងទិវាបុណ្យជាតិអូស្ត្រាលី ដែលរៀបចំឡើងនៅស្ថានទូតអូស្ត្រាលី។​

ទិវាបុណ្យជាតិអូស្ត្រាលី ជាទិវាជាតិផ្លូវការរបស់អូស្ត្រាលី ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៦ ខែមករា។ ទិវាបុណ្យជាតិអូស្ត្រាលីនេះ ជាទិវា ដើម្បីយើងធ្វើការគិតអំពីអត្ថន័យ ក្នុងនាមជាជនជាតិអូស្ត្រាលី ព្រមទាំងធ្វើការអបអរអូស្ត្រាលីសហសម័យ និងទទួលស្គាល់ប្រវត្តិសាស្ត្រអូស្ត្រាលី។

ក្នុងវិស័យអប់រំ កម្ពុជា បានសំដែងការអរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយដល់ប្រជាជនកម្ពុជា ជិត១ពាន់នាក់ រួមទាំងមន្ត្រីរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ១៩៩៤ ទៅសិក្សាក្រោយឧត្តមសិក្សា នៅប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអាហារូបករណ៍ Australia Awards Scholarship និងមាននិស្សិតអូស្ត្រាលីជិត ២ពាន់នាក់  បានមកធ្វើកម្មសិក្សានៅកម្ពុជា ក្រោមគម្រោង New Colombo Plan។

លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អូស្ត្រាលី គឺជាការលើកទឹកចិត្ត ក្នុងការមើលឃើញការរីកលូតលាស់ នៃពាណិជ្ជកម្ម និងការវិនិយោគ នៃប្រទេសទាំងពីរ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩, កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះអូស្ត្រាលី ដែលផ្តល់ថវិកាប្រមាណ៦០លានដូល្លារអូស្ត្រាលី ក្នុងមួយឆ្នាំដល់កម្ពុជា ដើម្បីពង្រឹងសន្តិសុខ សុខភាព ការការពារសង្គម ហេដ្ឋារចនាសម្ព័ន្ធ និងការស្តារសេដ្ឋកិច្ចឡើងវិញ។

គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុនអូស្ត្រាលី Renaissance Minerals (Cambodia) Limited បានចម្រាញ់រ៉ែមាស បានចំនួនជាង ៤,៥០០គីឡូក្រាម នៅកម្ពុជា។

គួរបញ្ជាក់ថា ភាគីទាំងពីរកម្ពុជា-អូស្រ្តាលី រំពឹងថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី នឹងកាន់តែប្រសើរឡើងថែមទៀតនាពេលខាងមុខ ខណៈកិច្ចព្រមព្រៀង RCEP បានលើកឡើងជុំវិញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី នឹងជំរុញកំណើននាំចេញពីកម្ពុជា ទៅអូស្រ្តាលីកើនឡើងជាងមុន។​

កន្លងមក ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)  និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អូស្រ្តាលី-នូវែលស្សេឡង់ (AANZFTA) ដែលកម្ពុជា និងអូស្រ្ដាលីជាសមាជិក ដោយឈរលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ និងអូស្រ្តាលី (Mekong-Australia Partnership) និងការគាំទ្ររបស់អូស្រា្តលី សម្រាប់សមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់ប្រទេសកម្ពុជា៕

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២