Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពអាកាសអាមេរិកចាប់ដៃជាមួយអ៊ីស្រាអែល បញ្ចេញយន្ដហោះជិត១៥០គ្រឿង ហោះគំរាមអ៊ីរ៉ង់

spot_img

រដ្ឋធានីជេរូសាឡឹម៖ ស្របពេលស្ថានការណ៍ កាន់តែមានភាពតានតឹងខ្លាំងឡើង នៅតំបន់មជ្ឈិមបូព៌ានោះ កងទ័ពសហរដ្ឋអាមេរិក និង អ៊ីស្រាអែល បានបញ្ចេញយន្ដហោះប្រយុទ្ធ យន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ យន្ដហោះគ្មានមនុស្សបើកឬដ្រូន និង នាវាមុជទឹកដ៏ធំសម្បើម បង្ហាញសាច់ដុំដ៏ខ្លាំងក្លា មានគោលដៅគំរាមកំហែង ទៅលើប្រទេសអ៊ីរ៉ង់ និង គូប្រជែងរបស់ខ្លួន។

សារព័ត៌មាន The Eurasia Times បានផ្សាយ ថា ក្រសួងការពារជាតិអ៊ីស្រាអែល និង បញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ CENTCOM បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ នៅលើដែនអាកាសរបស់ប្រទេសអ៊ីស្រាអែល និង នៅភាគខាងកើត សមុទ្រមេឌីទែររ៉ាណេ (Mediterranea)។ សមយុទ្ធយោធានេះ នឹងត្រូវបញ្ចប់ នៅថ្ងៃទី២៧ ខែមករា ដោយមានការចូលរួម ពីយន្ដហោះចម្បាំង ចំនួន១៤០គ្រឿង នាវាចម្បាំងចំនួន១២គ្រឿង និង ប្រព័ន្ធកាំភ្លើងធំរាប់សិបគ្រឿងរបស់កងទ័ព នៃប្រទេសទាំង២។

ទីបញ្ជាការកណ្ដាលរបស់កងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា នៅក្នុងចំណោមយន្ដហោះទាំង១៤០គ្រឿងនោះ ដែលយន្ដហោះ ចំនួន១០០គ្រឿង រាប់បញ្ចូលទាំង យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដហោះចម្ងាយឆ្ងាយ ប្រភេទ B-52 ចំនួន៤គ្រឿង យន្ដហោះបំបាំងកាយដ៏ទំនើប ប្រភេទ F-35 ចំនួន៤គ្រឿង យន្ដហោះប្រដេញ ប្រភេទ F/A-18 ចំនួន៤៥គ្រឿង និង យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនដ៏ទំនើបហោះហើរចម្ងាយឆ្ងាយ ប្រភេទ MQ-9 Reaper ចំនួន២គ្រឿង ដែលមកពីកងទ័ពរបស់សហរដ្ឋអាមេរិក។ ក្រៅពីនេះ ក៏មានយន្ដហោះប្រយុទ្ធ ឬ ប្រដេញ ប្រភេទ F-15, F-16 យន្ដហោះដឹកជញ្ជូនយោធា ប្រភេទ AC-130 ឧទ្ធម្ភាគចក្រ ប្រភេទ Apache (អាប៉ាជេ) យន្ដហោះសង្គ្រោះ និង យន្ដហោះចាក់ប្រេងឥន្ធនៈ ចូលរួមផងដែរ។

បើតាមមន្រ្ដីជាន់ខ្ពស់មួយរូបរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានអះអាង ថា ការធ្វើសមយុទ្ធយោធាដ៏ធំសម្បើមមួយនេះ មានន័យ ចង់ផ្ញើសារដ៏សំខាន់មួយ ទៅកាន់ប្រទេសអ៊ីរ៉ង់ និង ដៃគូប្រជែងផ្សេងៗទៀត ថា ក្រុងវ៉ាស៊ីនតោន មិនបានរវល់ខ្វាយច្រើនខ្លាំងពេក ជាមួយនឹងការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ក៏ដូចជា ការគំរាមកំហែងរបស់ចិន នៅក្នុងការប្រមូលផ្តុំកម្លាំងយោធា ដែលមានទំហំប៉ុនណានោះឡើយ។

ទីបញ្ជាការកណ្ដាលរបស់កងទ័ពសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា ការធ្វើសមយុទ្ធយោធាដ៏ធំមួយនេះ មានគោលបំណងបង្កើននូវការត្រៀមខ្លួនរួចជាស្រេច សម្រាប់កងទ័ពសហរដ្ឋអាមេរិក និង អ៊ីស្រាអែល ទាំងមូល ហើយក៏ជាបង្ហាញនូវសមត្ថភាពរបស់ពួកគេ ដើម្បីធ្វើកិច្ចសហប្រតិបត្ដិការ និង បង្កើនស្ថិរភាព នៅក្នុងតំបន់។

លោកឧត្ដមសេនីយ៍ មីឆែល គូរីលឡា (Michael Kurilla) មេបញ្ជាការ CENTCOM បានកត់សម្គាល់ ថា សមយុទ្ធនេះ ពង្រឹងសមត្ថភាពរបស់កងទ័ព នៃប្រទេសទាំងពីរ នៅក្នុងការឆ្លើយតបទៅនឹងភាពអាសន្ន និង បង្ហាញ អំពីការប្តេជ្ញាចិត្តរបស់ពួកគេ សម្រាប់តំបន់មជ្ឈិមបូព៌ា។ កងទ័ពទាំងនេះ នឹងអនុវត្តនូវបទបញ្ជា និង ការគ្រប់គ្រងរួមគ្នា ទាំងប្រតិបត្តិការតាមផ្លូវអាកាស នៅក្នុងសង្គ្រាមលើផ្ទៃសមុទ្រ ការស្វែងរក និងការជួយសង្គ្រោះ នៅក្នុងការប្រយុទ្ធ ការវាយប្រហារតាមប្រព័ន្ធអេឡិកត្រូនិក ការបង្ក្រាបទៅលើកិច្ចការពារដែនអាកាសរបស់សត្រូវ ការសម្របសម្រួល និង ការឈ្លបយកការណ៍ ក៏ដូចជា ការរារាំងតាមផ្លូវអាកាស ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×