ភ្នំពេញ ៖ ជាអធិបតីក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា និងបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់គ្រប់សាសនា ដើម្បីរួមគ្នាអប់រំផ្សព្វផ្សាយនូវអំពើល្អ ធ្វើឱ្យប្រជាជនរស់ដោយសុខសាន្ត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បណ្តាប្រទេសជាច្រើននៅលើពិភពលោក បានកោតសរសើរចំពោះសុខដុមបនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នអង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ បង្កការងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់សាសនា។
ខ្ញុំបានិយាយច្រើនលើកហើយថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ សូមកុំនាំគ្នាចាប់បង្ខំឲ្យអ្នកនេះជឿសាសនានេះ ជឿសាសនានោះ ឬនិកាយនេះ ឬនិកាយនោះ វាមិនអាចទៅរួចទេ យើងទាំងអស់គ្នា គ្រិស្តបរិស័ទ ពិតជានៅចងចាំបានថា យើងនៅចងភ្ជាប់ជោគវាសនារបស់យើងជាមួយគ្នា តាំងពីអតីតកាលដែលមានប្រវត្តិតាំងពីឆ្នាំ១៩២៣ រហូតមដល់ពេលនេះមានរយៈពេល១០០ឆ្នាំហើយ។

ប្រទេសកម្ពុជាមានមោទនភាព ចំពោះប្រជាពលរដ្ឋ ទោះបីមានជំនឿសាសនាខុសគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នា និងបានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត ដែលមិនត្រឹមតែជាមោទនភាព សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរបស់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





