Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ការពិតអំពី “ឆ្អឹង” ដែលយើងទាំងអស់គ្នាគួរដឹង

ឆ្អឹង គឺជាគ្រោងសាងរបស់រាងកាយ ដែលមានសម្រាប់ឱ្យសាច់ដុំមកយឹតតោង ដើម្បីធ្វើចលនាតាមផ្នែកផ្សេងៗរបស់រាងកាយ ជួយការពារអវយវៈខាងក្នុង មិនឱ្យប៉ះពាល់ ឬរងរបួស និងថែមទាំងជាកន្លែងដែលផលិតគ្រាប់ឈាមក្រហម និងគ្រាប់ឈាមសទៀតផង។

ចំពោះមនុស្សធំ មានឆ្អឹងទាំងអស់ ២០៦ដុំ ឆ្អឹងដែលវែងជាងគេបំផុត និងរឹងមាំបំផុត គឺឆ្អឹងភ្លៅ (Femur)។

ឆ្អឹងមានភាពរឹងមាំ និងយឺតយារបាន ដោយមានអង្គប្រកបចម្បងៗ ៣យ៉ាង គឺខូឡាជេន ដែលជាប្រូតេអ៊ីន មានតួនាទីជាសរសៃបណ្តូលគ្រោងសាងខាងក្នុង ដែលមានភាពយឺតយារ ដោយខូឡាជេននេះ ត្រូវបានហ៊ុមព័ទ្ធ និងតោងយឹតដោយសារធាតុរ៉ែ កាល់ស្យូម-ផូស្វ័រ និងសារធាតុផ្សេងទៀតបន្តិចបន្តួច ធ្វើឱ្យឆ្អឹងរឹងប៉ឹង និងមាំមួន និងអង្គប្រកបចុងក្រោយ គឺកោសិការបស់ឆ្អឹង ដែលមានតួនាទីសាង និងរំលាយឆ្អឹង។

មនុស្សជាច្រើនមិនបានដឹងទេថា ឆ្អឹងមានជីវិត…ការពិតទៅ ឆ្អឹងគឺជាជាលិកា ដែលមានការរីកចម្រើនលូតលាស់ មានការប្រែប្រួលគ្រប់ពេលវេលា និងពេញមួយជីវិតរបស់មនុស្ស។ ក្នុងរាងកាយមនុស្ស មានការរំលាយឆ្អឹងចាស់ៗ ផ្នែកដែលទន់ជ្រាយចេញ និងសាងឆ្អឹងថ្មីឡើងមកជំនួសវិញ។ ដោយឡែក កោសិការបស់ឆ្អឹងរបស់មនុស្សនៅក្នុងវ័យកុមារ និងវ័យជំទង់ នឹងមានការសាងឆ្អឹងបានលឿនជាងការបាត់បង់ឆ្អឹង ហើយទោះជាកុមារ និងមនុស្សវ័យជំទង់មួយចំនួន ឈប់កើនកម្ពស់ហើយក្ដី តែអត្រានៃការសាងឆ្អឹង នឹងនៅតែកើនច្រើនជាងការបាត់បង់ឆ្អឹងដដែល រហូតទាល់តែឆ្អឹងមានភាពក្រាស់ និងណែនបរិបូរណ៍ ក្នុងអាយុប្រមាណ ២៥ឆ្នាំ។ បើឆ្អឹងមានភាពបរិបូរណ៍ មានបណ្តុំឆ្អឹងច្រើន នឹងហុចផលល្អដល់រាងកាយមនុស្ស ធ្វើឱ្យមានគុណភាពជីវិតល្អ មានអាយុវែង តែបើបណ្តុំឆ្អឹងមានតិច នឹងមានសញ្ញាទំនោរទៅរកការកើតសភាវឆ្អឹងងាយបាក់ ឬមានបច្ច័យប្រឈមនឹងការកើតជំងឺពុកឆ្អឹងនាពេលអនាគតបាន។

លុះដល់វ័យចំណាស់ មនុស្សនឹងមានការបាត់បង់ឆ្អឹង ច្រើនជាងការសាងឡើងថ្មី។ ក្រោយពីមានបណ្តុំឆ្អឹងខ្ពស់បំផុតហើយ តុល្យភាពរបស់ការសាង និងរំលាយរបស់ឆ្អឹង នឹងនៅទ្រឹងមួយកន្លែង រហូតដល់ក្រោយវ័យ ៤០ឆ្នាំ ទាំងបុរស និងស្ត្រី នឹងមានអត្រាការបាត់បង់ឆ្អឹង ច្រើនជាងការសាងឆ្អឹង ដោយវានឹងកើតឡើងម្តងបន្តិចៗជាបន្តបន្ទាប់ ធ្វើឱ្យឆ្អឹងស្តើង និងទន់ខ្សោយ តែចំពោះស្ត្រីវ័យអស់វដ្តរដូវវិញ អ័រម៉ូន-អេស-ត្រូ-ជេន នឹងថយចុះលឿនណាស់ ហើយឆ្អឹងក៏នឹងកាន់តែបាត់បង់ទៅតាមនោះដែរ គឺកាន់តែស្តើងទៅៗ។ ក្រោយវ័យអស់វដ្តរដូវ ប្រមាណជា ៥-៧ឆ្នាំ ស្ត្រីអាចនឹងបាត់បង់បណ្តុំឆ្អឹងដល់ទៅ ២០%។

ជំងឺពុកឆ្អឹង(Osteoporosis) ជាជំងឺគ្រោះថ្នាក់ ដែលកើតឡើងនៅពេលមានការបាត់បង់បណ្តុំឆ្អឹង ឬមានការសាងឆ្អឹងឡើងវិញតិចតួច ឬទាំង ២ចំណុចតែម្ដង ដែលសភាវនេះ វានឹងនាំឆ្ពោះទៅរកការងាយបាក់ឆ្អឹង ដែលគេប្រទះឃើញមានច្រើនបំផុតប្រមាណជា ៥០% គឺនៅលើឆ្អឹងដៃរបស់មនុស្សចាស់ ចំណែកនៅលើកុមារវិញ គឺឆ្អឹងដងកាំបិត។

ដើម្បីគុណភាពជីវិតដ៏ល្អប្រសើរ ទើបមានភាពចាំបាច់ណាស់ ដែលមនុស្សយើងគ្រប់គ្នា ត្រូវតែមើលថែទាំ និងការពារឆ្អឹង មុននឹងអ្វីៗហួសពេលកែកុន៕

×