ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសម្រេចផ្ដល់ក្រុមការងារការពារស្ត្រីបម្រើសេវាកម្សាន្ត និងការផ្ដល់ប័ណ្ណប.ស.ស របស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានមហាជនគាំទ្រយ៉ាងខ្លាំង

ភ្នំពេញ ៖ ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ឱ្យរៀបចំក្រុមការងារការពារស្ត្រីដែលបម្រើការផ្នែកសេវាកម្សាន្តនៅទូទាំងប្រទេសក្នុងគោលបំណងការពារសិទ្ធិស្ត្រីទាំងនោះ តាមផ្លូវច្បាប់។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ត្រីដែលប្រកបរបរបម្រើសេវាកម្សាន្តនៅទូទាំងប្រទេស ត្រូវបានការពារដោយមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្នុងករណីស្ត្រីទាំងនោះបានទទួលរងនូវអំពើរំលោភបំពានសិទ្ធិណាមួយកើតឡើង ក្នុងមុខរបររបស់ខ្លួន ក៏ដូចជា មានអំពើហិង្សាណាមួយកើតឡើង។

សូមបញ្ជាក់ថា នាពេលកន្លងទៅ សម្ដេចតេជោ ក៏ធ្លាប់បានលើកឡើងអំពីការយកចិត្តទុកដាក់ដល់ស្ត្រីដែលបម្រើការផ្នែកសេវាកម្សាន្តនេះផងដែរ ដោយសម្ដេចបានចាត់ទុកពួកគាត់ស្ថិតក្នុងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់។

មិនត្រឹមតែគិតគូរផ្នែកផ្លូវច្បាប់ដល់ស្ត្រីបម្រើក្នុងសេវាកម្សាន្តប៉ុណ្ណោះទេ សម្ដេចតេជោ ហ៊ុន សែន ក៏កំពុងពិចារណាផ្តល់ជូនប័ណ្ណរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីជួយសម្រួលដល់ទុក្ខលំបាកក្រុមស្ត្រីទាំងនេះទៀតផង ឱ្យទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ។ យ៉ាងណាមិញគេមិនទាន់ដឹងថា បេសកម្មនេះចេញដំណើរផ្លូវការនៅពេលណាឡើយ តែមន្ត្រីសង្គមស៊ីវិលធ្វើការលើកកម្ពស់ស្ត្រីបានចូលរួមអបអរសាទរយ៉ាងខ្លាំង ដោយសង្ឃឹមថា ការងារនេះនឹងលេចចេញជារូបរាងក្នុងពេលឆាប់។

បើតាមអ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា បានសាទរដល់ចំណាត់ការរបស់ សម្ដេចតេជោ ហ៊ុន សែន ដោយលើកឡើងថា គំនិតផ្ដួចផ្ដើមរបស់ប្រមុខរដ្ឋាភិបាល និងជាប្រមុខបក្សកាន់អំណាចនៅពេលនេះ ជារឿងមួយដ៏ល្អសម្រាប់ក្រុមស្ត្រីបម្រើសេវាកម្សាន្ត, ទោះយ៉ាងណា ស្នើឱ្យរាជរដ្ឋាភិបាល ផ្ដល់ការគិតគូរបែបនេះឱ្យស៊ីជម្រៅម៉ឺងម៉ាត់ រាល់ការជួបប្រទះរបស់ស្ត្រីបំរើសេវាកម្សាន្តទាំងការធានាផ្នែកច្បាប់ និងកត្តាជីវភា ព។

សម្រាប់ក្រុមមហាជនវិញ ក៏បានមើលឃើញផងដែរថា កន្លងមកស្ត្រីបំរើការងារក្នុងសេវាកម្សាន្ត ដែលរួមមាន ÷ ខារ៉ាអូខេ បៀរហ្កាឌិន ឌីស្កូតែក ក្លិបកម្សាន្តផ្សេងៗ និងអ្នករត់ទុកជាដើម តែងបានរាយការណ៍ថា ពួកនាងជារឿយៗតែងរងបំពាបំពាន បង្ខិតបង្ខំ ហិង្សា បៀតបៀន ជាច្រើនទម្រង់ពីបណ្ដាភ្ញៀវ ជាពិសេស ពីប្រភេទភ្ញៀវមានអំណាច, ហើយតាមការកត់សម្គាល់ គេកម្រឃើញអ្នកប្រព្រឹត្តទាំងនោះ ត្រូវបានច្បាប់នាំមកកាត់ទោសណាស់, ប៉ុន្តែចាប់ពីថ្ងៃនេះតទៅ ការសម្រេចរបស់ សម្ដេចតេជោ ហ៊ុន សែន គឺជាពន្លឺនៃសេរីភាពថ្មីមួយទៀតរបស់ស្ត្រីបម្រើសេវាកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យ ឱ្យចៀសផុតពីការគំរាមកំហែងការបៀតបៀន ការបង្ខំ និងការប្រើហិង្សា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម