រដ្ឋធានីប៊ែរឡាំង៖ ជាមួយនឹងការអំពាវនាវជាថ្មី ជុំវិញការផ្គត់ផ្គង់យន្ដហោះចម្បាំងជាច្រើនគ្រឿង សម្រាប់ជួយដល់កងទ័ពអ៊ុយក្រែន នោះ លោកអធិការបតីអាល្លឺម៉ង់ បានច្រានចោលនូវសំណើទាំងនេះ។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣០ ខែមករា ថា លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានផ្ដល់បទសម្ភាសន៍មួយជាមួយនឹងកាសែតរបស់អាល្លឺម៉ង់ ដោយបានព្រមានប្រឆាំងនឹងសង្គ្រាម ដែលកំពុងតែបន្ដ។ ប៉ុន្ដែលោកអធិការបតី បានបដិសេធ ចំពោះការបញ្ជូនយន្ដហោះចម្បាំង ទៅកាន់ប្រទេសអ៊ុយក្រែន។ ការច្រានចោលរបស់មេដឹកនាំក្រុងប៊ែរឡាំង បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការផ្គត់ផ្គង់រថក្រោះដ៏ទំនើបរបស់ខ្លួន ប្រភេទ Leopard 2 ជាច្រើនគ្រឿង ទៅជួយដល់ក្រុងកៀវ។

ក្រុមមន្រ្ដីអ៊ុយក្រែន បានស្នើដល់បណ្ដាប្រទេស ជាសម្ពន្ធមិត្ត ត្រូវតែបង្កើតសម្ពន្ធភាពយន្ដហោះចម្បាំង ដើម្បីពង្រឹងនូវសមត្ថភាពកងទ័ពរបស់ខ្លួន។ ចំណែកសហរដ្ឋអាមេរិក បានអះអាង ថា ក្រុងវ៉ាស៊ីនតោន នឹងពិភាក្សា អំពីគំនិតផ្ដល់យន្ដហោះចម្បាំងជាច្រើនគ្រឿងយ៉ាងប្រុងប្រយ័ត្នបំផុត ជាមួយនឹងក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍។
លោក អូឡហ្វ សូលហ្ស៍ អធិការបតីអាល្លឺម៉ង់ បានប្រាប់ដល់កាសែត Tagesspiegel (តាហ្គេសស្ពៀហ្គែល) ថា គោលដៅរបស់គាត់ បានផ្ដោតលើរថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ សម្រាប់ការបញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន។
លោកអធិការបតី បានសង្កត់ធ្ងន់ ថា «ជាការពិតណាស់ យើងបានសម្រេចចិត្តលើការបញ្ជូនរថក្រោះ ហើយការពិភាក្សាដេញដោលគ្នា នាពេលក្រោយទៀត កំពុងតែផ្ទុះឡើង នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលមើលទៅហាក់បីដូចជាមិនសមហេតុផលទាល់តែសោះឡើយ។

អល្លឺម៉ង់ កាលពីថ្ងៃពុធសប្ដាហ៍មុន បានផ្ដល់រថក្រោះ Leopard 2 ចំនួន១៤គ្រឿង ជួយដល់ប្រទេសអ៊ុយក្រែន ក្រោយរងសម្ពាធ អស់រយៈពេលជាច្រើនសប្ដាហ៍ ពីសម្ពន្ធមិត្តរបស់អង្គការណាតូ និង ប្រទេសជាដៃគូរបស់លោកខាងលិច។ ការសម្រេចចិត្តរបស់ក្រុងប៊ែរឡាំង បានកើតឡើងភ្លាមៗ ក្រោយពេលក្រុងវ៉ាស៊ីនតោន បានសម្រេចផ្ដល់រថក្រោះផលិតនៅអាមេរិក M1 Abrams ចំនួន៣១គ្រឿង ជួយដល់ក្រុងកៀវ។
លោក អេនឌ្រី មែលនីក (Andrii Melnyk) អនុរដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានអំពាវនាវ សុំឲ្យបង្កើនសម្ពន្ធភាពយន្ដហោះចម្បាំង ដែលនឹងផ្ដល់ឲ្យអ៊ុយក្រែន ជួយនឹងយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក ប្រភេទ F-16 និង F-35 ក៏ដូចជា យន្ដហោះចម្បាំង Eurofighter, Tornado, យន្ដហោះចម្បាំងរបស់បារាំង ប្រភេទ Rafale (រ៉ាហ្វែល) និង យន្ដហោះរបស់ស៊ុយអែត Gripen (ហ្គ្រីផែន) ។ យន្ដហោះចម្បាំងទាំងនេះ នឹងកាត់បន្ថយដល់សមត្ថភាពគ្រឿងសព្វាវុធរបស់ទាហានរុស្ស៊ីបាន៕ រក្សាសិទ្ធិដោយ ៖ សារាយSN








