រដ្ឋធានីកៀវ៖ អតីតនាយករដ្ឋមន្រ្ដី លោក បូរីស ចនសុន កាលពីស្ថិតក្នុងតំណែងកំពូលរបស់ចក្រភពអង់គ្លេស បានចេញមុខយ៉ាងខ្លាំង នៅក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការពារទឹកដីរបស់អ៊ុយក្រែន ហើយឥឡូវនេះ គាត់បានប្រាប់ អំពីគោលបំណងដ៏អាក្រក់របស់លោក ពូទីន នៅក្នុងការគំរាមកំហែងដល់គាត់។
សារព័ត៌មានរបស់ឥណ្ឌា NDTV បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣០ ខែមករា ថា បើតាម BBC បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ថា ការបង្ហាញ អំពីការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី បានកើតឡើង តាមទូរស័ព្ទ នៅមុនការលុកលុយរបស់ទាហានក្រុងមូស្គូ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
លោក បូរីស ចនសុន (Boris Johnson) អតីតនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានអះអាង ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានគំរាមកំហែង វាយប្រហារដោយមីស៊ីល មកលើគាត់ នៅក្នុងការហៅទូរស័ព្ទខុសពីធម្មតាមួយ នៅមុនការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។
អតីតនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានបញ្ជាក់ ថា ពូទីន បានប្រាប់គាត់ ថា រុស្ស៊ី នឹងចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ។ ការធ្វើអត្ថាធិប្បាយនេះ បានកើតឡើង ក្រោយពេលគាត់បានព្រមាន អំពីសង្គ្រាម នឹងបង្កនូវគ្រោះមហន្ដរាយយ៉ាងធ្ងន់ នៅក្នុងការហៅទូរស័ព្ទយ៉ាងយូរមួយ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២។
លោក ចនសុន បានព្រមានដល់លោក ពូទីន ថា ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នឹងជំរុញឲ្យមានការដាក់ទណ្ឌកម្ម ពីលោកខាងលិច ហើយកងទ័ពរបស់អង្គការណាតូ កាន់តែច្រើនបន្ថែមទៀត នឹងមកដល់ព្រំដែនរបស់រុស្ស៊ី។ អតីតនាយករដ្ឋមន្រ្ដីរបស់ចក្រភពអង់គ្លេស រូបនេះ បានព្យាយាមរារាំង ដល់សកម្មភាពយោធារបស់រុស្ស៊ី ដោយប្រាប់លោក ពូទីន ថា អ៊ុយក្រែន នឹងមិនចូលរួមជាមួយណាតូ សម្រាប់អនាគតដ៏ខ្លីខាងមុខ នោះឡើយ។
លោក ចនសុន បានបញ្ជាក់ទៀត ថា «លោក ពូទីន បានគំរាមខ្ញុំ ត្រង់ចំណុចមួយ ហើយគាត់ បាននិយាយ ថា បូរីស! ខ្ញុំមិនចង់ធ្វើឲ្យអ្នកគ្រោះថ្នាក់ ជាមួយនឹងមីស៊ីលនោះឡើយ ព្រោះចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ»។
លោក បូរីស ចនសុន កាលនៅក្នុងតំណែងជានាយករដ្ឋមន្រ្ដីរបស់ចក្រភពអង់គ្លេស បានខិតខំប្រឹងប្រែង ជួយដល់ប្រទេសអ៊ុយក្រែន យ៉ាងខ្លាំង ហើយគាត់ថែមទាំងបានធ្វើដំណើរ ចំនួន៣លើក ទៅជួយពិភាក្សាគ្នា ជាមួយមេដឹកនាំក្រុងកៀវ នៅក្នុងរដ្ឋធានីរបស់ប្រទេសមួយនេះ ដើម្បីសិក្សាអំពីតម្រូវការរបស់ពួកគេ។ ប៉ុន្ដែសូម្បីតែឥឡូវនេះ ក៏គាត់នៅតែបន្ដធ្វើដំណើរទៅជួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី កាលពីពេលថ្មីនេះថែមទៀតផង៕ រក្សាសិទ្ធិដោយ ៖ សារាយSN