Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

spot_img

ភ្នំពេញៈ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានគាំទ្រពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការ នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេច ក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។

មហាសន្និបាតវិសាមញ្ញវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជា ជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ លើកកម្ពស់ការគោរព និងអនុវត្តច្បាប់ដ៏ម៉ឹង ម៉ាត់ ហើយប្រឆាំងដាច់ខាតរាល់សកម្មភាពប្រទូសរ៉ាយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។ ក្នុងស្មារតីនេះ ចាំបាច់ត្រូវកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យនិន្នាការនេះបង្កការបែកបាក់ជាតិឡើយ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងធានាបរិយាកាសរស់នៅដ៏សុខសាន្តជូនប្រជាជន។ ជាមួយគ្នានេះ បន្តលើកកម្ពស់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែបានល្អប្រសើរតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា មហាសន្និបាតបញ្ជាក់ច្បាស់នូវគោលជំហរឥតងាករេ ក្នុងការការពាររបបរាជានិយមអាស្រ័យរដ្ឋ ធម្មនុញ្ញឱ្យស្ថិតស្ថេរជានិរន្តរ៍។ ព្រមជាមួយនោះ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើក កម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាមូលដ្ឋានដ៏សំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព និង ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត បណ្ដាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀតក្នុងសង្គម ក្នុងការពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតឱ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព លើមូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍ច្បាប់ ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ សំដៅ ការពារផលប្រយោជន៍ស្នូលរបស់ជាតិ, គោរពនិយាម គោលបំណង និងគោលការណ៍នានានៃធម្មនុញ្ញរបស់ អ.ស.ប. និងអាស៊ាន, ចូលរួមសកម្មក្នុងកិច្ចប្រឹងប្រែងតំបន់ និងសាកលលោកដើម្បីថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព, បន្តប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ប្រភេទ អំពើភេរវកម្ម ជំងឺឆ្លងនានា។ល។ និងរួមចំណែកក្នុងការពង្រឹងពហុភាគីនិយម។ ជាមួយគ្នានេះនៅក្នុងបរិការណ៍ដែលសភាពការណ៍តំបន់ និងអន្តរជាតិ កំពុងមានការវិវត្តដ៏ស្មុគស្មាញ មិនប្រាកដប្រជា និង ប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំងនោះ យើងសូមអំពាវនាវដល់បណ្តារដ្ឋដែលពាក់ព័ន្ធក្នុងជម្លោះនានា សូមបង្កើន ការអត់ធ្មត់ ពង្រឹងកិច្ចសហប្រតិបត្តិការ ហើយព្យាយាមរួមគ្នារកដំណោះស្រាយដោយសន្តិវិធី ដើម្បីធានាបាន នូវសុខសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពសម្រាប់មនុស្សជាតិ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×