Tuesday, March 21, 2023

យន្ដហោះគ្មានមនុស្សបើក វាយប្រហារលើរោងចក្រយោធារបស់អ៊ីរ៉ង់

spot_img

រដ្ឋធានីតេអ៊ីរ៉ង់៖ ការវាយប្រហារទៅលើរោងចក្រយោធារបស់អ៊ីរ៉ង់ បានកើតឡើង ស្របគ្នានឹងការធ្វើឲ្យសមយុទ្ធកងទ័ពអាកាសទ្រង់ទ្រាយធំ រវាងសហរដ្ឋអាមេរិក និង អ៊ីស្រាអែល ដោយមានការចូលរួម ពីយន្ដហោះចម្បាំង ចំនួន១៤០គ្រឿង ហើយសកម្មភាពទាំងនេះ ធ្វើឲ្យក្រុងតេអ៊ីរ៉ង់ ដាក់ការសង័្សយ ទៅលើអ៊ីស្រាអែល ឬ សហរដ្ឋអាមេរិក ជាអ្នកនៅក្រោយខ្នង។

សារព័ត៌មាន NBC News បានចេញផ្សាយ កាលពីរាត្រី ថ្ងៃចន្ទ ទី៣០ ខែមករា ថា ឧបទ្ទវហេតុនេះ បានកើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងអ៊ីរ៉ង់ ជាមួយអ៊ីស្រាអែល និង លោកខាងលិច ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់ និង ការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ជួយដល់ប្រទេសរុស្ស៊ី នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន។

អាជ្ញាធរអ៊ីរ៉ង់ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ដ្រូន បានផ្ទុកគ្រាប់បែក ដោយបានកំណត់គោលដៅ ទៅលើរោងចក្រយោធា នៅក្នុងទីក្រុងអ៊ីសហ្វាហាន (Isfahan) នាភាគកណ្ដាលប្រទេសអ៊ីរ៉ង់។ ការបំផ្ទុះដ៏មានកម្លាំងខ្លាំងនេះ បានធ្វើឲ្យខូចខាតសម្ភារមួយចំនួន នៅក្នុងរោងចក្រនោះ។

ទោះជាយ៉ាងណា អាជ្ញាធរអ៊ីរ៉ង់ មិនទាន់បញ្ចេញប្រតិកម្មភ្លាមៗ ថា តើអ្នកណាជាអ្នកវាយប្រហារនោះឡើយ។ ប៉ុន្តែការផ្តោតអារម្មណ៍យ៉ាងឆាប់រហ័ស បានសំដៅទៅរកប្រទេសអ៊ីស្រាអែល ដែលបានចូលរួម នៅក្នុងសង្រ្គាមស្រមោល ប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ហើយគេបានសង្ស័យ ថា មានអ្នកនៅពីក្រោយការវាយប្រហារស្រដៀងគ្នា ជាច្រើនករណី នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។

ក្រសួងការពារជាតិអ៊ីរ៉ង់ បានអះអាង ថា អគារសិក្ខាសាលាមួយរបស់ខ្លួន បានរងការវាយប្រហារ ពីដ្រូនធុនតូច (MAVs) ជាច្រើនគ្រឿង កាលពីថ្ងៃសៅរ៍ ។ ប៉ុន្តែក្រសួងការពារជាតិ បានបញ្ជាក់ ថា កងការពារដែនអាកាស បានបាញ់ទម្លាក់ដ្រូនទាំងនោះ ប្រកបដោយជោគជ័យ។

បណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ IRIB បានសរសេរ នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃអាទិត្យ ថា ការបំផ្ទុះមានកម្លាំងខ្លាំងនេះ បានលាន់ឮពាសពេញរោងចក្រយោធា នៅក្នុងទីក្រុង Isfahan ។ ប៉ុន្ដែមន្រ្ដីសន្ដិសុខម្នាក់ បានអះអាង ថា មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ ការបំផ្ទុះនេះ បានកើតឡើង នៅចំកណ្ដាលរោងចក្រផលិតគ្រាប់រំសេវមួយកន្លែងរបស់ក្រសួងការពារជាតិ។

ក្រសួងការពារជាតិអ៊ីរ៉ង់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានចែកចាយ ដោយ IRIB ថា ដ្រូនខ្នាតតូច ចំនួន៣គ្រឿង បំពាក់ដោយគ្រឿងបំផ្ទុះ ត្រូវបានគេប្រើប្រាស់ សម្រាប់ការវាយប្រហារនេះ។ ប៉ុន្ដែនៅក្នុងចំណោមដ្រូនទាំង៣នោះ គឺដ្រូនមួយ ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារ និង ២ផ្សេងទៀត ត្រូវបានចាប់ ដោយឧបករណ៍ស្ទាក់ចាប់ ហើយវាបានផ្ទុះ។ ចំណែកការវាយប្រហារនេះ មិនបានជោគជ័យ ហើយក៏មិនបានធ្វើឲ្យមនុស្សណាម្នាក់បាត់បង់ជីវិត និង ខូចខាតអ្វីធំដុំនោះដែរ។

អ៊ីស្រាអែល ត្រូវបានគេជឿជាក់ ថា ជាអ្នកនៅពីក្រោយឧបទ្ទវហេតុវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ដោយបានកំណត់ទៅលើគោលដៅយោធា និង នុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះ លោក បែនចាមីន ណែតាន់យ៉ាហ៊ូ (Benjamin Netanyahu) ទើបនឹងវិលត្រឡប់ មកកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជាថ្មីនោះ បានចាត់ទុកអ៊ីរ៉ង់ ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ប្រទេសរបស់គាត់។ អ៊ីស្រាអ៊ែល តែងតែកំណត់គោលដៅ ទៅលើសកម្មភាពនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់ ហើយរារាំងដល់ប្រទេសមួយនេះ មិនឲ្យសម្រេចគោលបំណង នៅក្នុងការផលិតគ្រាប់បែកមហាប្រល័យលោកនោះឡើយ។

ការវាយប្រហារដោយដ្រូន បានកើតឡើង ស្របពេលនឹងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប៊ីនខែន (Antony Blinken) បានចាប់ផ្តើម ធ្វើដំណើរបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ទៅកាន់មជ្ឈិមបូព៌ា ដោយសារមានការព្រួយបារម្ភ អំពីសក្តានុពល នៃការកើនឡើង ក្រោយមានអំពើហិង្សាកើនឡើង នៅក្នុងតំបន់វេស្ដបែង (West Bank) និង ជេរូសាឡឹម (Jerusalem)។ ជាមួយគ្នានេះ កងទ័ពសហរដ្ឋអាមេរិក និង អ៊ីស្រាអែល ក៏បានធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមួយ កាលពីសប្តាហ៍មុន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២