ភ្នំពេញ៖ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិ ជំនួយសង្គម បានឲ្យដឹងថា ជារៀងរាល់ខែ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាបើកជូនអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ក៏ដូចជានិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ជាអតីតមន្រ្តីរាជការស៊ីវិល ក្នុងរង្វង់ ៣០លានដុល្លារ។

លោក ឈួរ សុបញ្ញា បានបន្តថា ការបើកសាច់ប្រាក់ក្នុងពេលបច្ចុប្បន្ន គឺមានមន្រ្តីរាជការស៊ីវិលចូលនិវត្ត ក្នុង រង្វង់ជិត ៦ម៉ឺននាក់ និងអតីតយុទ្ធជនក្នុងរង្វង់ ៥ទៅ៦ម៉ឺននាក់។ ជាប្រចាំខែ រាជរដ្ឋាភិបាលកម្ពុជា ចំណាយ ថវិកាប្រមាណ ៣០លានដុល្លារក្នុងមួយខែ។ សាច់ប្រាក់ ដែលទទួលបាន គឺផ្សេងៗគ្នា ហើយការ ទទួលបានសាច់ប្រាក់ប្រចាំខែនេះ គឺតិចបំផុត ៦០ភាគរយនៃប្រាក់បៀវត្សប្រចាំខែ អំឡុងពេលពួកគាត់ នៅបំពេញការងារ មុនចូលនិវត្តន៍។ ក្រុមគោលដៅទាំងពីរ ទាំងអតីតយុទ្ធជន និងមន្រ្តីរាជការស៊ីវិល ក៏នឹងបើកសាច់ប្រាក់លើកទី២ ប្រចាំខែមករា ឆ្នាំ ២០២៣ នៅថ្ងៃទី៣១ ខែមករា។

រាជរដ្ឋាភិបាលកម្ពុជា បើកផ្ដល់សាច់ប្រាក់ជូន អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ក៏ដូចជានិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្រ្តីរាជការស៊ីវិល ចំនួន២ដងក្នុងមួយខែ។

ចំពោះមន្រ្តីចូលនិវត្តថ្មី គឺត្រូវមកបំពេញឯកសារជាមួយមន្រ្តីជំនាញនៅក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា។ ជាក់ស្ដែងនៅថ្ងៃនេះ ក៏មានមន្រ្តីនគរបាលចូលនិវត្តមួយ ចំនួនមកពីខេត្ត ប៉ៃលិនផងដែរ បានមកបំពេញលក្ខខណ្ឌតម្រូវនេះ។ ពួកគាត់ពិតជាសប្បាយចិត្ត និងមើល ឃើញថា នេះជាការយកចិត្តទុកដាក់ជាខ្លាំង ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

បើតាមការបញ្ជាក់របស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម បច្ចុប្បន្នក្រុមការងារជំនាញ ក៏កំពុងគិតគូរពីការផ្តល់អត្ថប្រយោជន៍បន្ថែមជូនក្រុមគោលដៅទាំងពីរ។ អត្ថប្រយោជន៍ទាំងនេះ រួមមាន ប្រព័ន្ធកម្ចីក្នុងអត្រាការប្រាក់ទាប ដោយមិនទាមទារ ទ្រព្យបញ្ចាំ និងការសហការជាមួយវិស័យឯកជន ក្នុងការបញ្ចុះតម្លៃនានាជាដើម៕