ភ្នំពេញ៖ សេចក្ដីជូនដំណឹង របស់រដ្ឋបាលខណ្ឌទួលគោក បានជំរុញឲ្យប្រជាពលរដ្ឋម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រនៅផ្លូវលេខ ៥៩៨ ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរក្សាសណ្ដាប់ធ្នាប់តាមដងផ្លូវ ឲ្យមានរបៀបរៀបរយ ជាពិសេសដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ លើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ។

សេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា រដ្ឋបាលខណ្ឌទួគោក ទុករយៈពេល ៣ខែ ឲ្យម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រ ដែលរំលាភលើផ្លូវ ឬតយ៉ាប់ដំបូលផ្ទះមកលើផ្លូវសាធារណៈ និងសុំឲ្យធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មទៅកន្លែងថ្មី ដែលមានលក្ខណៈស្តង់ដារសមស្រប ដែលមិនប៉ះពាល់ដល់ផ្លូវសាធារណៈបន្តទៀត។

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានចុះអប់រំណែនាំជាលើកចុងក្រោយ ដល់អាជីវកលក់គ្រឿងសមុទ្រ និងទំលាក់គ្រឿងសមុទ្រ នៅកំណាត់ផ្លូវ ៥៩៨ ក្នុងភូមិសាស្ត្រ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ឱ្យមានការចូលរួម និងផ្លាស់ប្តូរទីតាំងទៅតាមការជូនដំណឹងចុងក្រោយរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីរក្សារបរិស្ថានអនាម័យ ទីក្រុងស្អាត បរិស្ថានល្អ មានសណ្តាប់ធ្នាប់ អនាម័យស្អាត។
គួរបញ្ជាក់ថា បើយោងតាមប្រភពពីមន្ត្រីសាលាខណ្ឌទួលគោក បានឲ្យដឹងថា ទីតាំងលក់គ្រឿងសមុទ្រនោះ អាជ្ញាធរបានយោគយល់ច្រើនលើកច្រើនសារហើយ និងក៏បានធ្វើកិច្ចសន្យារាប់មិនអស់ដែរ ក៏ប៉ុន្តែក្រុមអាជីវករទាំងនោះមិនចូលរួមអនុវត្តសហការជាមួយអាជ្ញាធរឡើយ។ ពេលនេះអាជ្ញាធរបាន បានដាក់វិធានការដើម្បីអនុវត្តវិធានការរដ្ឋបាល អ្វីដែលប្រឈមបំផុត គឺលក់លើផ្លូវបណ្តាលឲ្យមានការកក់ស្ទះ បាត់បង់សណ្តាប់ធ្នាប់ និងខូចបរិស្ថាន មានក្លិនស្អុយ ប៉ះពាល់ដល់អ្នកធ្វើដំណើរ និងក៏មានការរិះគន់ជាញឹកញាប់ដែរ៕