Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ចេញនូវអនុសាសន៍ ខិតខំ និងបន្តស្ថាបនា ជួសជុល និងកែលម្អផ្លូវជនបទ ត្រូវតែមានភាពធន់នឹងការប្រែប្រួល អាកាសធាតុ និងគ្រោះមហន្តរាយ

spot_img

ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវអនុសាសន៍ ត្រូវខិតខំ និងបន្តស្ថាបនា ជួសជុល និងកែលម្អផ្លូវជនបទ ទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង តាមរយៈបច្ចេកវិទ្យាថ្មីៗ ដែលមានគុណភាព និងប្រសិទ្ធភាព ជាពិសេសការស្ថាបនាកែលម្អផ្លូវជនបទ ត្រូវតែមានភាពធន់នឹងការប្រែប្រួល អាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងលោកស្រី Vica Rosario Bogaerts តំណាងធនាគារពិភពលោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់ជាស្ថាពរ នូវគម្រោងគ្រប់គ្រង គ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន១ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវគម្រោងជំហាន២ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ។

ដើម្បីធានាដល់ការគ្រប់គ្រង និងអភិវឌ្ឍផ្លូវជនបទ ដែលមានការចូលរួមដ៏ទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធ និងធានាបាននូវប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពក្រីក្រ និងគម្លាតរវាងទីក្រុង និងជនបទ ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដាក់ចេញនូវអនុសាសន៍មួយចំនួនដូចតទៅ៖

១) ត្រូវខិតខំ និងបន្តស្ថាបនា ជួសជុល និងកែលម្អផ្លូវជនបទ ទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង តាមរយៈបច្ចេកវិទ្យាថ្មីៗ ដែលមានគុណភាព និងប្រសិទ្ធភាព ជាពិសេសការស្ថាបនាកែលម្អផ្លូវជនបទ ត្រូវតែមានភាពធន់នឹងការប្រែប្រួល អាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ។

២) សូមយកចិត្តទុកដាក់ការថែទាំផ្លូវ ដែលបានស្ថាបនារួចរាល់ បន្ទាប់ពីការបិទបញ្ចប់គម្រោង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ដោយឡែក នៅថ្នាក់ជាតិ ត្រូវគិតគូរការថែទាំផ្លូវ ដែលស្ថាបនារួចនេះ ជាប្រព័ន្ធ ដោយត្រូវគិតគូរជារូបភាពនៅទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឲ្យការប្រើប្រាស់ផ្លូវ ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបចីរភាព។

៣) គម្រោងត្រូវយកចិត្តទុកដាក់ រៀបចំពង្រឹងរាល់យន្តការចាំបាច់នានា ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ លើការងារគ្រប់គ្រង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។

៤) សូមអំពាវនាវអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាជនត្រូវចូលរួមឲ្យបានសកម្ម ក្នុងការថែរក្សាផ្លូវរបស់យើង ពិសេសចូលរួម ក្នុងការទប់ស្កាត់ឲ្យបាន នូវការផ្ទុកលើសទម្ងន់កម្រិតកំណត់របស់រថយន្ត បើកបរលើផ្លូវកៅស៊ូរបស់យើង ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង។

៥) សូមអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ សង្គមស៊ីវិល សប្បុរសជន និងវិស័យឯកជនទាំងអស់ សូមបន្តជួយគាំទ្រ និងចូលរួមចំណែកបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក្នុងការកែលម្អផ្លូវជនបទ។

៦) សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកកាត់បន្ថយអត្រាមរណៈ ដោយសារគ្រោះថ្នាក់ចរាចរ និងថែរក្សាសុវត្ថិភាពទ្រព្យសម្បត្តិ ជាពិសេសអាយុជីវិតរបស់យើង និងក្រុមគ្រួសាររបស់យើង។

៧) ចំពោះក្រុមហ៊ុន ដែលទទួលបានការអនុវត្តការងារ ត្រូវគោរពឲ្យបានត្រឹមត្រូវនូវ បទដ្ឋាន បច្ចេកទេសនៃកិច្ចសន្យាប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជាអ្នកសម្របសម្រួលគម្រោង បានឲ្យដឹងថា ចំពោះលទ្ធផលនៃការអនុវត្តគម្រោង សាងសង់ផ្លូវ ជំហានទី១ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ គម្រោង បានបែងចែកជា ៣ កញ្ចប់ មាន១២ កិច្ចសន្យា ក្នុងនោះមាន៖

១) កញ្ចប់ទី១ មាន១កិច្ចសន្យា សាសង់ផ្លូវនៅខេត្តកណ្តាល បានចំនួន ៧ខ្សែ ប្រវែង ៤៩.៨៩គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។ អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណដឹកជញ្ជូន និងសំណង់ កិច្ចសន្យានេះគឺជាកិច្ចសន្យាសាងសង់ និងរួមបញ្ចូលការងារថែទាំ រយៈពេល ៥ ឆ្នាំបន្ទាប់ពីសាងសង់។
២) កញ្ចប់ទី២ មាន៥កិច្ចសន្យា សាងសង់ផ្លូវនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានចំនួន ៦ខ្សែ ប្រវែង៤៤.១២គីឡូម៉ែត្រ ស្ពាន១៤កន្លែង និងសំណង់សិល្បការ្យមួយចំនួន ។
៣) កញ្ចប់ទី៣ មាន៦កិច្ចសន្យា៖ សាសង់ផ្លូវនៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តសៀមរាប បានចំនួន ១៤ ខ្សែ ប្រវែង ១៥៨.៥៩ គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ។

ដោយឡែកសម្រាប់ការអនុវត្តគម្រោង ជំហាន ២ ធនាគារពិភពលោកបានផ្ដល់ហិរញ្ញប្បទានបន្ថែម រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់អនុវត្តចាប់ផ្ដើមពី ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដែលគ្រោងនឹងធ្វើការ កែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងក្រាលបេតុងប្រមាណ ៧៥០ គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បៈការ្យមួយចំនួនទៀត នៅក្នុងគោលដៅទាំង៨នៃគម្រោង គឺខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលបាននឹងកំពុងប្រារព្ធពិធីប្រកាស ដាក់ឲ្យអនុវត្តនាពេលនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×