តាមទម្លាប់រៀងរាល់ឆ្នាំ របបក្រុងព្យុងយ៉ាងបានប្រារព្ធព្រឹត្តិការណ៍ខួបគម្រប់ ៦៨ឆ្នាំ នៃការផ្តើមផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េ(២៥ មិថុនា ឆ្នាំ ១៩៥០-២៥ មិថុនា ឆ្នាំ ២០១៨)ដោយពាក្យបរិហារ និងការតិះដៀលលើសហរដ្ឋអាមេរិក។
តែសម្រាប់ឆ្នាំនេះដែលជាខួបគម្រប់ ៦៨ឆ្នាំនៃការផ្ទុះសង្គ្រាមកូរ៉េក្នុងថ្ងៃទី២៥ មិថុនា ១៩៥០ គេមិនបានឃើញពាក្យជេរប្រមាថ និងតិះដៀលប្រឆាំងអាមេរិកទាំងអស់នោះទៀតឡើយ។ តែឆ្នាំនេះ និងក្រោយពីមានជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើងលោកKim Jong-Un និងលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី១២ មិថុនា ក្នុងប្រទេសសិង្ហបុរីមក ពាក្យពេចន៍ជេរប្រមាថ និងដៀមដាមប្រឆាំងអាមេរិកបានអវត្តមាននៅក្នុងកាសែតផ្លូវការកូរ៉េខាងជើង។
ខួប ៦៨ឆ្នាំនៃសង្គ្រាមកូរ៉េ ថ្ងៃទី២៥ មិថុនា ១៩៥០-ថ្ងៃទី២៥ មិថុនា ២០១៨។
ក្រៅពីកាសែតផ្លូវការ សម្តីតិះដៀលប្រឆាំងអាមេរិកពីសំណាក់ពលរដ្ឋកូរ៉េខាជើងទូទៅក៏ហាក់មិនមានខ្ទរខ្ទារដូចមុនដែរ។ មែនទែនទៅ គឺទើបក្រោយជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើងលោកKim Jong-Un និងលោកប្រធានាធិបតីអាមេរិកDonald Trump ក្នុងថ្ងៃទី១២ មិថុនា នៅប្រទេសសិង្ហបុរីទេដែលភាពប្រទូស្ដរ៉ារវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោនហាក់បានស្ងប់ស្ងាត់ច្រើន។ ក្រុមអ្នកជំនាញបានពន្យល់ថា ភាពអត់ធ្មត់ និងការបន្ទន់ឥរិយាបថរបស់កូរ៉េខាងជើងក៏ដោយសារតែក្រុងព្យុងយ៉ាងចង់បន្តរក្សា និងផ្តល់សន្ទុះលើលទ្ធផលវិជ្ជមាននៃជំនួបកំពូលKim-Trump ៕
សូយន