Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក ដាក់អង្គភាពរបស់អ៊ីរ៉ង់ចំនួន៧ បញ្ចូលទៅក្នុងបញ្ជីខ្មៅ ពីរឿងដ្រូន

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ បណ្ដាប្រទេសបស្ចិមលោក បានចោទប្រកាន់ ដល់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ជាអ្នកផ្គត់ផ្គង់ដ្រូន ទៅឲ្យក្រុងមូស្គូ សម្រាប់យកទៅះធ្វើសង្គ្រាម វាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ នៅលើទឹកដីរបស់អ៊ុយក្រែន ហើយឥឡូវនេះ សហរដ្ឋអាមេរិក បានដាក់អង្គភាពចំនួន៧របស់អ៊ីរ៉ង់ បញ្ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន សម្រាប់សកម្មភាពជួយដល់រុស្ស៊ី។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី៣១ ខែមករា ថា បើតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹង ថា ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ បានបន្ថែមអង្គភាពចំនួន៧របស់អ៊ីរ៉ង់ ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន សម្រាប់ការផលិតដ្រូន នាំទៅជួយដល់រុស្ស៊ី សម្រាប់យកទៅប្រើប្រាស់ វាយប្រហារ ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។

ការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន អស់រយៈពេលជិត១ឆ្នាំកន្លងមកនេះ ធ្វើឲ្យសម្ពន្ធមិត្ដលោកខាងលិច ព្យាយាមប្រមូលផ្តុំ និង ដាក់ពង្រាយនូវប្រព័ន្ធការពារដែនអាកាស សម្រាប់ស្ទាក់កម្ចាត់មីស៊ីល និង ដ្រូនអត្ដឃាតដែលផលិតដោយអ៊ីរ៉ង់ ត្រូវបានរុស្ស៊ី យកមកប្រើប្រាស់ សម្រាប់វាយប្រហារ ទៅលើគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលនានា នៅក្នុងរដូវរងានេះ។

កាណាដា កាលពីដើមខែមករា បានប្រកាស ថា ក្រុងអូតតាវ៉ា (Ottawa) នឹងទិញប្រព័ន្ធការពារដែនអាកាសណាសាមស៍ (NASAMS) ដ៏ទំនើប ផលិតដោយសហរដ្ឋអាមេរិក សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ NASAMS នេះ ជាប្រព័ន្ធការពារមីស៊ីល បាញ់ពីលើដីទៅលើអាកាស រយៈចម្ងាយមធ្យម អាចការពារ ប្រឆាំងនឹងដ្រូន មីស៊ីល និង យន្ដហោះចម្បាំង យ៉ាងមានប្រសិទ្ធភាព។ ចំណែកសហរដ្ឋអាមេរិក ក៏បានផ្ដល់ប្រព័ន្ធការពារដែនអាកាស NASAMS ចំនួន២គ្រឿង ជួយទៅដល់ប្រទេសអ៊ុយក្រែន ជាមួយនឹងមធ្យោបាយជាច្រើនទៀត។

ដោយឡែក ប្រព័ន្ធការពារដែនអាកាស មានមូលដ្ឋាន បាញ់ទីលើដីទៅលើអាកាសផ្សេងទៀត ដូចជា Patriot (ប៉ាទ្រីយ៉ូត) របស់ក្រុមហ៊ុន Raytheon Technology Corp ត្រូវបានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង ហូល្លង់ដ៍ សន្យាផ្ដល់ឲ្យអ៊ុយក្រែន ខណៈប្រទេសជាសម្ពន្ធមិត្តផ្សេងៗទៀត សង្ឃឹម ថា វានឹងអាចទប់ស្កាត់នូវការរារាំងដល់ការវាយប្រហារបន្ថែមទៀត ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។

អង្គភាពរបស់អ៊ីរ៉ង់ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនោះ រួមមាន អង្គភាពរចនានិងផលិតម៉ាស៊ីនយន្ដហោះ, អង្គភាពទ័ពអាកាសឆ្មាំបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់, អង្គភាពស្រាវជ្រាវរបស់ឆ្មាំបដិវត្តន៍អ៊ិស្លាម និង អង្គការជីហាត, ក្រុមហ៊ុនអូជេ ប៉ាវ៉ាស ម៉ាដូ ណាហ្វា (Oje Parvaz Mado Nafar), ក្រុមហ៊ុនប៉ារ៉ាវ៉ា ប៉ាស (Paravar Pars), ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ខ្យូត (Qods) និង ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ Shahed (សាហេដ)។

ការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ដ្រូនរបស់អ៊ីរ៉ង់ កំពុងតែផ្ទេរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន។ សកម្មភាពបែបនេះ គឺផ្ទុយគ្នាស្រឡះ ទៅនឹងគោលការណ៍សន្ដិសុខជាតិ និង ផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។

ដោយឡែក អ៊ីស្រាអែល វិញ កំពុងតែព្យាយាម ទប់ស្កាត់ ឬ រារាំងដល់អ៊ីរ៉ង់ នៅក្នុងការបញ្ជូនដ្រូនអត្ដឃាត ទៅកាន់ប្រទេសរុស្ស៊ី ក៏ដូចជា ទប់ទល់ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់ ផងដែរ។ អ៊ីស្រាអែល តែងតែចាត់ទុកកម្មវិធីផលិតនុយក្លេអ៊ែររបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ជាការគំរាមកំហែងយ៉ាងខ្លាំង ដល់សន្ដិសុខរបស់ខ្លួន ហើយក្រុងជេរូសាឡឹម (Jerusalem) នឹងកំណត់គោលដៅ វាយប្រហារទៅលើរោងចក្រទាំងនោះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×