ភ្នំពេញ៖ កម្មវិធីដកពិន្ទុបណ្ណបើកបរ ធ្វើឡើងក្នុងន័យ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់។ ហើយក្នុងរយៈពេលអនុវត្តសាកល្បង ៤ខែ សមត្ថកិច្ចបានរកឃើញអ្នកល្មើសច្បាប់ជាង៨ពាន់នាក់ និងដកពិន្ទុបានជាង១ម៉ឺនពិន្ទុ។

ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិសដៅ ការងារឆ្នាំ២០២៣ លោកជំទាវ មឹន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងរយៈពេលនៃដំណើរការសាកល្បងធ្វើការពិន័យ និងដកពិន្ទុបណ្ណបើកបរដោយឧបករណ៍បច្ចេកទេស គឺគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញមានអ្នកល្មើសច្បាប់ចរាចរណ៍ចំនួន ៨ ៥១៣នាក់ និងដកពិន្ទុសរុប ១០.១៦២ពិន្ទុ។
ក្នុងចំណោមអ្នកល្មើសច្បាប់ចរាចរណ៍ទាំង ៨ ៥១៣នាក់ គឺមានអ្នកបើកបររថយន្តធុនស្រាលមានចំនួន ៧ ៤៧៧គ្រឿង និងរកឃើញល្មើសមានចំនួន ៧ ៥៧៩ករណី។ លោកបន្តថា ចំពោះអ្នកបើកបររថយន្តធុនធ្ងន់មានចំនួន ១ ០៣៦គ្រឿង និងរកឃើញល្មើស ១ ១៤៦ករណី ផងដែរ។
បើតាមក្រសួងសាធារណការ ករណីធ្ងន់ធ្ងរ ត្រូវដកពិន្ទុគាត់មួយចំនួន គឺអាចដក១ ២ ៣ ៤ ឬ៥ ដោយពិន្ទុពេញមាន១២ពិន្ទុ»។ អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់ថា បើករណីដកពិន្ទុអស់ទាំង១២ នគរបាលមានសិទ្ធិដកហូតបណ្ណបើកបរ ហើយអ្នកបើកបរមិនអាចបើកបរបន្តទៀតបានទេ ដូច្នេះ ទាល់តែដល់ពេលកំណត់មួយ ហើយត្រូវទៅរៀនបើកបរឡើងវិញតាមនីតិវិធី ទើបអាចទទួលបណ្ណបើកបរធ្វើចរាចរឡើងវិញបាន។
ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ប៉ុន្តែបើក្នុងករណីសមិត្ថកិច្ចដកអស់ពិន្ទុគឺបណ្ណបើកបរទាំងនោះត្រូវទុកជាមោឃៈ។
ចំពោះកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាពយានយន្ត ដែលបើកបរល្មើសនឹងច្បាប់ដោយ ស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថាននៃបទល្មើសមានដូចជា មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម៕