ភ្នំពេញ ៖ ក្នុងជំនួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ជាង ១ពាន់នាក់ នាព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការធ្វើកំណែទម្រង់ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេលជិត១០ឆ្នាំ កន្លងមកនេះ ច្បាស់ណាស់ថា មានភាពល្អប្រសើរច្រើន ខណៈកាលទី ៧ឆ្នាំមុន គឺតាំងពីឆ្នាំ២០១៦ កាលនោះ សម្ដេចតេជោបានចំណាយថវិកាប្រមាណ ៤០០លានដុល្លារ ដើម្បីកសាងសាលារៀន ពង្រីកវិស័យអប់រំ និងធនធានមនុស្ស នៅទូទាំងបណ្ដារាជធានី-ខេត្ត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់តាំងពី លោក ហង់ជួន ណារ៉ុន ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ មក ការប្រឡងបាក់ឌុបត្រូវបានបញ្ចប់នូវវប្បធម៌អន្តរាគមន៍ និងបានក្លាយជាចលនាប្រកួតប្រជែង ការសិក្សារៀនសូត្រ ឆ្ពោះទៅរកគុណភាព ប្រសិទ្ធភាព ប្រកបដោយធនធានមនុស្ស។ ក្រៅពីបញ្ចប់វប្បធម៌អន្តរាគមន៍ ក៏បានបញ្ចប់ផងដែរនូវការនាំចូលចម្លើយប្រឡង ហៅថា ប៊្រុយយ៉ុង ឧបករណ៍ សម្ភារៈអេឡិចត្រូនិក និងជំនួយផ្សេងៗទៅក្នុងមណ្ឌលប្រឡង។ ការណ៍នេះ ជំនួសមកវិញដោយការជំរុញការខិតខំរៀនសូត្រ ដើម្បីប្រឡងប្រជែង អ្នកចេះ គឺជាប់។
ការកែទម្រង់មួយនេះ គឺបានចាប់ផ្តើមកាលពីជិត១០ឆ្នាំមុន កាលនោះ សម័យប្រឡងដែលយើងបានធ្វើនៅឆ្នាំទី១ (ឆ្នាំ២០១៤) ដែល ឯកឧត្តម ហង់ជួន ណារ៉ុន ចូលធ្វើជារដ្ឋមន្ត្រី បានធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបទជាទូទៅ។ ការកែទម្រង់ក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាការបង្កើតឲ្យមានការខិតខំប្រឹងប្រែង ពីសិស្សផ្ទាល់ ព្រោះថា អ្នកចេះ គឺបានជាប់, ធ្វើឲ្យវប្បធម៌អន្តរាគមន៍ និងវប្បធម៌នៃការយកចូលឧបករណ៍អេឡិចត្រូនិច ការនាំចូលប៊្រុយយ៉ុង និងការបោះប៊្រុយយ៉ុងចូលបន្ទប់ប្រឡង ត្រូវបានបញ្ចប់ ជំនួសមកវិញដោយការផ្លាស់ប្តូរមួយ នៅត្រង់ថាឪពុកម្តាយ អាណាព្យាបាល បានជំរុញឲ្យកូនចៅរបស់ខ្លួនប្រឹងប្រែងរៀនសូត្រ។ នេះជាការផ្លាស់ប្តូរធំណាស់ បើយើងប្រៀបនឹងពេលមុន ដែលមានចំណែកណាមួយនោះ អាចពឹងពាក់លើការអន្តរាគមន៍ ដើម្បីឲ្យកូន ឲ្យចៅ ឬឲ្យក្មួយបានជាប់ វាមិនមែនជាការល្អ និងមានគុណភាព ធនធានមនុស្សពិតប្រាកដនោះទេ។

ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើនិយាយអំពីថ្នាក់ក្រោមជាតិវិញ ជាទូទៅផ្នែកអាជ្ញាធរនៅគ្រប់ទីកន្លែងទាំងអស់ បានខិតខំធ្វើការងារទាំងនេះ គឺជំរុញការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សគ្រប់ស្ថានភាពទូទៅទាំងអស់ ដើម្បីធ្វើការប្រឡងប្រណាំងរវាងខេត្តមួយ និងខេត្តមួយ ព្រោះនៅពេលខេត្តខ្លួនឯងអត់មានជាប់និទ្ទេស A ឬក៏ជាប់បាក់ឌុបមានចំនួនតិច ក៏ធ្វើឲ្យខេត្តនោះមិនសូវសប្បាយចិត្ត អីចឹងថ្នាក់ដឹកនាំរបស់ខេត្ត ស្រុក និងមូលដ្ឋាន គេតែងតែជំរុញចលនាការរៀនសូត្រនេះ ដែលនោះ គឺនាំឆ្ពោះទៅរកអំពើល្អរបស់សិស្សរបស់យើង ប្រកបដោយធនធានមនុស្ស ចំណេះដឹងដែលមានគុណភាព។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានទាញមហាជន ប្រជាពលរដ្ឋ សូមងាកមើលត្រឡប់ថយក្រោយបន្តិច ថា ចាប់ពីឆ្នាំ២០១៦ ក្នុងដំណើរជាង ៦ពាន់គីឡូម៉ែត្រ នៃការធ្វើដំណើររបស់ខ្ញុំឆ្ពោះទៅតាមបណ្ដាខេត្តនានា ខ្ញុំបានចុះទៅតាមបណ្ដាខេត្តនីមួយៗ ផ្ដល់នូវសាលាដែលមានស្ដង់ដារថ្មី, ជំនាន់នោះចំណាយលុយក្នុងរង្វង់ជិត ៤០០លានដុល្លារ ហើយសាលានីមួយៗសុទ្ធតែមានផ្ទះគ្រូបង្រៀនបន្ថែម និងមានផ្ទះសិស្សទៀតផង។ អ៊ីចឹងហើយ យើងពង្រាយសាលាបានមួយចំនួនបន្ថែមទៀត និងការកសាងថ្មីៗបន្ដ តាមរយៈថវិកាជាតិក្ដី តាមរយៈសប្បុរសជនក្ដី ដើម្បីពង្រឹងគុណភាពសិក្សាអប់រំ ក៏ដូចជាធនធានមនុស្សទៅលើកូនខ្មែរគ្រប់ៗរូប៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








