Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស សុខា ស្នើឲ្យក្រុមការងារយុវជន បន្តសកម្មភាពជាប្រយោជន៍ជាតិ និងប្រជាជនឲ្យដូចភ្លៀងរលឹម

spot_img

ភ្នំពេញ : ឯកឧត្តម ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ថ្លែងថាយុវជនយើងមិនត្រូវស្កប់ស្កល់នឹងការធ្វើអំពើល្អ និងសកម្មភាពជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនយើងឡើយ។ ក្នុងន័យនេះ ឯកឧត្តម ស្នើឲ្យក្រុមការងារយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បន្តសកម្មភាពជាប្រយោជន៍ជាតិ និងប្រជាជន ឲ្យដូចភ្លៀងរលឹម ។

ឯកឧត្តម ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់ក្រុមការងារយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ សុខាភ្នំពេញ។

ឯកឧត្តម ស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារយុវជនទាំង ៣ខេត្ត ដែលក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ បានខិតខំធ្វើសកម្មភាពតាមទិសដៅការងាររៀងៗខ្លួន បន្តរក្សាបាននូវស្នាដៃដ៏ឧត្តុង្គឧត្តម រួមចំណែកបម្រើជាតិ និងប្រជាជនជាមួយយន្តការនានា និងតួអង្គសំខាន់ៗផ្សេងទៀត ទាំងក្នុងជួររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងកិច្ចប្រជុំដែលមានការអញ្ជើញពីថ្នាក់ដឹកនាំក្រុមការងារយុវជន ប្រមាណ៦០០នាក់ នាឱកាសនោះ ឯកឧត្តម ស សុខា បានផ្ដល់ទស្សនាទានថា ក្រុមការងារយុវជនគ្រប់យន្តការ មិនត្រូវសន្មត់ជាអត្តនោម័តថាអ្វីៗដែលក្រុមការងារ បានធ្វើមកហើយនោះ ជារឿងត្រឹមត្រូវជារៀងរហូតឡើយ ដ្បិតតម្រូវការប្រជាពលរដ្ឋ តម្រូវការសង្គម និងស្ថានភាពប្រទេសជាតិ ក៏ដូចជាពិភពលោក រមែងមានការប្រែប្រួលជារៀងរាល់ថ្ងៃ ដែលទាមទារឱ្យក្រុមការងារយុវជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពទិសដៅការងារ និងធ្វើសកម្មភាពឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធផលខ្ពស់។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារយុវជនទាំង ៣ខេត្ត នៅថ្ងៃនេះ ជាឱកាសរួមគ្នាឆ្លុះកញ្ចក់ពិនិត្យមើលបទពិសោធន៍ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ដើម្បីដឹងថា តើផែនការដែលបានដាក់ចេញក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នោះ មានចំណុចខ្វះខាតដែរឬទេ? សម្រេចបានសមិទ្ធផលអ្វីខ្លះ? និងជួបបញ្ហាប្រឈមអ្វីខ្លះ? ដើម្បីអង្គប្រជុំរួមគ្នាចែករំលែកបទពិសោធន៍ ប្រមូលគំនិត និងទស្សនៈវិស័យមកសម្រួចទិសដៅអនុវត្តក្នុងឆ្នាំ២០២៣ នេះ ឱ្យបានត្រឹមត្រូវ និងអាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានស្នើឲ្យក្រុមការងារយុវជនទាំង ៣ខេត្ត បន្តជំរុញសកម្មភាពរបស់ខ្លួន តាមផែនការដែលបានដាក់ចេញ និងឆ្លើយតបទៅនឹងតម្រូវការនៅតាមមូលដ្ឋាន ដើម្បីបម្រើឲ្យផលប្រយោជន៍យុវជន ប្រជាជន និងប្រទេសជាតិទាំងមូល ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំក្រុមការងារយុវជនទាំង ៣ខេត្ត ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់ក្រុមការងារយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមមាន ៖ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ , ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ, ក្រុមការងារអាហារូបករណ៍ ស សុខា និងក្រុមគ្រូស្ម័គ្រចិត្ត ស សុខា។

សូមបញ្ជាក់ដែរថា ស្នាដៃសំខាន់ៗរបស់ក្រុមការងារយុជនទាំង ៣ខេត្ត ដែលបានរួមចំណែកបម្រើជាតិ និងប្រជាជន នៅឆ្នាំ២០២២ កន្លងមក មានជាអាទិ៍ ការងារសង្គមកិច្ច ការជួយសង្គ្រោះ និងឧបត្ថម្ភជំនួយជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព ជនចាស់ជរា មានពិការភាព ស្រ្តីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍ ពលរដ្ឋជួបគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់សង្គមផ្សេងៗ ការជួយគាំមណ្ឌលកុមារកំព្រារ កិច្ចការលើកម្ពស់វប្បធម៌ សាសនា សិល្បៈ និងកីឡា ការបណ្ដុះបណ្ដាលចំណេះដឹង និងជំនាញវិជ្ជាជីវៈដល់យុវជន កិច្ចគាំទ្រប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការប្រកួតប្រជែងសមត្ថភាពយុវជនជាសិស្ស និងនិស្សិត ការបើកវគ្គបំប៉នដល់ដល់សិស្សថ្នាក់ទី១២ ការតម្រង់ទិសដល់សិស្សថ្នាក់ទី១២ និងការងារគាំទ្រដល់កិច្ចការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងការលើកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ

spot_img
×