Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូប ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា

spot_img

ភ្នំពេញ : ក្នុងជំនួបនេះ ឯកឧត្តម រចនា ស៊ីង បានសម្តែងនូវក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ាណែត ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនៅក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ដោយ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញទស្សនៈថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូប ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។

ឯកឧត្តម រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌា បានមានប្រសាសន៍បែបនេះ នៅក្នុងជំនួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី០៣ ខែកុម្ភៈ ពេលដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ក៏បានកត់សម្គាល់ផងដែរអំពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ព្រមជាមួយនឹងការកោតសរសើរអំពីជោគជ័យរបស់កម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនាឱកាសនេះ ដែលពិតជាបានបង្ហាញអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសស្របពេលដែល កម្ពុជា-ឥណ្ឌា បានប្រារព្ធខួបលើកទី៧០ នៃចំណងការទូតផ្លូវការ ដោយមានការប្តេជ្ញាចិត្តរួមក្នុងការជំរុញឱ្យទំនាក់ទំនងទ្វេភាគីបានឈានឡើងដល់កម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យវប្បធម៌, ការអភិវឌ្ឍធនធានមនុស្ស, ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិស័យយោធា។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម រចនា ស៊ីង នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹងការចូលរួមអបអរសាទរចំពោះការប្រារព្ធទិវាសាធារណរដ្ឋ ខួបលើកទី៧៤ (74th Republic Day) របស់សាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នាពេលថ្មីៗនេះ។

លោកឧត្តមសេនីយ៍ ក៏បានជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិឥណ្ឌា អំពីលទ្ធផល និងទិសដៅសហប្រតិបត្តិការមួយចំនួនដែលគ្រោងនឹងលើកឡើងពិភាក្សាជាមួយនឹងមេបញ្ជាការកងទ័ពជើងគោកឥណ្ឌា ជាពិសេសគម្រោងនៃការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលជាជំហានថ្មីមួយទៀតក្នុងការភ្ជាប់ទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោក និងជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអង្គភាព និងអង្គភាពថ្នាក់យុទ្ធវិធី។ ពាក់ព័ន្ធនឹងការលើកឡើងនេះ ឯកឧត្តម រដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់កងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនង រហូតសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនក្នុងរយៈកាលកន្លងមកនេះ ព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស សំដៅធ្វើយ៉ាងណាលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងឈានឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

spot_img
×