កែប៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ប្រមូលចំណូលបានប្រមាណ ២ ៦៩០,៥លានដុល្លារអាមេរិក កើនឡើង ១៨,៣% ក្នុងឆ្នាំ២០២២ បើធៀបនឹងចំណូលក្នុងឆ្នាំ២០២១។ លទ្ធផលនេះ គឺសម្រេចបាន ១០៤,៩% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

បើយោងតាមរបាយការណ៍ពីលទ្ធផលការងាររបស់ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២២ នៅខេត្តកែប បានឲ្យដឹងថា៖ បើគិតតាម ប្រភេទពន្ធនិង អាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៤ ១៦៩,៨ ប៊ីលានរៀល (ត្រូវជា ៣៧,៩%នៃចំណូលសរុប), អាករពិសេសមានចំនួន ៤ ១៥១,៦ ប៊ីលានរៀល (ត្រូវជា ៣៧,៧% នៃចំណូលសរុប), ពន្ធគយមានចំនួន ២ ០៨៧ ប៊ីលានរៀល (ត្រូវជា ១៩% នៃចំណូលសរុប), អាករ បន្ថែម លើ ផលិតផល ប្រេងឥន្ធនៈមានចំនួន ៣៦៧,២ ប៊ីលានរៀល (ត្រូវជា ៣,៣% នៃចំណូលសរុប), និងអាករ នាំចេញនិង កម្រៃផ្សេងៗមានចំនួន ២២៣,៤ ប៊ីលានរៀល (ត្រូវជា ២,១% នៃចំណូល សរុប)។

ចំពោះចំណូល តាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ៥ ០៧៨,៧ ប៊ីលានរៀល (ត្រូវជា ៤៦,២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៣ ០៣២,៦ ប៊ីលានរៀល (ត្រូវជា ២៧,៦% នៃចំណូល សរុប), ផលិតផលតេលសិលាមានចំនួន ២ ២៣៨ ប៊ីលានរៀល (ត្រូវជា ២០,៣% នៃចំណូលសរុប), និងសម្ភារ សំណង់និងកម្រៃផ្សេងៗមានចំនួន ៦៤៩,៥ ប៊ីលានរៀល (ត្រូវជា ៥,៩% នៃចំណូលសរុប)។

ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៥ ៤៦០,៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១,៩% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ យានយន្តនិងគ្រឿងចក្រ, ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, គ្រឿងឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងទៀត។
ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៤៤៧,២ លានដុល្លារអាមេរិក កើនឡើង ១៦,៧% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ ផលិតផល កាត់ ដេរមានកំណើន ១៤,១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿបំណែកអេឡិច ត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពី ឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗ ទៀត) មានកំណើន ២៦,២%, និងកសិផលមានកំណើន ៦,៦%៕