ភ្នំពេញ៖ ក្រោយវិបត្តិជំងឺកូវីដ-១៩ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុន និងសហគ្រាសថ្មីចំនួន ១០.៧០១ ក្នុងឆ្នាំ២០២២ ពោលគឺកើនឡើង ៤០ភាគរយ បើធៀបនឹងឆ្នាំ ២០២១។

អ្នកវិភាគសេដ្ឋកិច្ច បានមើលឃើញថា ចំនួនក្រុមហ៊ុនចុះបញ្ជី ជាការឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការគ្រប់គ្រងលើក្រុមហ៊ុនឯកជនរបស់កម្ពុជា។ ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា បានចូលរួមចំណែក ជំរុញចំនួនអាជីវកម្ម ដែលត្រូវបានបិទ ឬផ្អាក អំឡុងពេលជំងឺកូវីដ-១៩ ឲ្យចាប់ផ្តើមប្រតិបត្តិការឡើងវិញ។

បណ្តាក្រុមហ៊ុនជាង ៦.០០០ បានដាក់ពាក្យសុំអាជ្ញាប័ណ្ណតាមប្រព័ន្ធអេឡិចត្រូនិក ខណៈក្រុមហ៊ុនជាង ១៣.០០០ បានដាក់ពាក្យសុំរក្សាឈ្មោះអាជីវកម្ម។

អ្នកជំនាញ បានលើកឡើងថា ការកើនឡើងនៃការចុះបញ្ជីពាណិជ្ជកម្ម ឆ្លុះបញ្ចាំងពីការបើកប្រទេសឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច-សង្គមគ្រប់ប្រភេទរបស់កម្ពុជា។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រសួង បាននិងកំពុងធ្វើ និងបន្តធ្វើកំណែទម្រង់ ក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការចុះបញ្ជីពាណិជ្ជកម្ម ដោយបានបង្កើតអាជ្ញាប័ណ្ណអាជីវកម្មអេឡិចត្រូនិក ដែលបានផ្តល់ភាពងាយស្រួល ដល់ម្ចាស់អាជីវកម្ម សហគ្រាស និងក្រុមហ៊ុនមួយចំនួន៕