ភ្នំពេញ៖ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចំនួន ៦គម្រោង រាជរដ្ឋាភិបាលគ្រោងនឹងប្រើប្រាស់ថវិការប្រមាណ៥៥០ លានដុល្លារ ទៅលើគម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា), គម្រោងលើកកម្រិតកំណាត់ផ្លូវជាតិលេខ ៣ (គ.ម.លេខ ១៨១+១០០វាលរេញ), គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ ៥ (ជំហានទី២), គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ ៥ ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរី-សោភ័ណ-ក្រុងប៉ោយប៉ែត (កញ្ចប់ឥណទានទី៣), គម្រោងកែលម្អការតភ្ជាប់ជនបទ និងគម្រោងកែលម្អការតភ្ជាប់ជនបទភូមិភាគឦសាន។

រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្ម នៅទូទាំងប្រទេសប្រមាណ ៣៣២ គម្រោង ជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណ ៤៨ ពាន់លានដុល្លារ។

តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយ ៥៥០ លានដុល្លារ សម្រាប់អភិវឌ្ឍន៍លើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅក្នុងប្រទេស ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ។ នេះបើ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា នៅឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាល គ្រោងបង្កើនបញ្ចប់ថវិកាចំណាយរបស់ជាតិឲ្យដល់ ៩,៦ពាន់លានដុល្លារ កើនឡើង ១៣% បើធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ ២០២២៕