ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារនាថ្ងៃអង្គារនេះថា បែកគ្នាដោយមិនបានលា គឺជារឿងមិនអស់ចិត្តសម្រាប់ក្រុមគ្រួសារតែនេះ ជាក្រឹត្យក្រមធម្មជាតិដែលមិនអាចជៀសវាងបានគឺ កើត ចាស់ ឈឺស្លា.ប់តែអ្វីជាការសោកស្តាយគឺនៅត្រង់មនុស្ស ដែលមានអាយុច្រើនធ្វើបុណ្យសពឲ្យមនុស្សដែលមានអាយុតិចជាង។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបន្ថែមទៀតថា ជាគ្រួសារមួយដែលមិនធ្លាប់មានទំនាស់ ទោះតូចក្តីធំក្តីមិនដែលមានភាពរកាំរកូស សូម្បីពាក្យសំដីមួយម៉ាត់ ការបែកគ្នាដោយគ្មានពេលជួបវិញពិតជាបានធ្វើឲ្យ ក្រុមគ្រួសារកាន់តែអាឡោះអាល័យនឹក ស្រណោះដល់ពេលដែលកន្លងហួស ពិសេសកូន ចៅនិងក្មួយៗដែលម្តាយ ជីដូននិងម្តាយមីងបានមើលថែទាំដល់ពួកគេ។
ដូចឆ្នាំកន្លងមកដែរពេលបងប្រុសមរណភាព ខ្ញុំមិនបានចូលរួមបុណ្យ៧ថ្ងៃនោះទេ ព្រោះត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីប្រជុំពិសេសអាស៊ាន សហរដ្ឋអាមេរិក។
លើកនេះពេលប្អូនស្រីទទួលមរណភាព ពេលបុណ្យ៧ថ្ងៃ ត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនដែលកម្មវិធីនេះ បានព្រមព្រៀងគ្នាតាមរយៈការទូតជាងមួយខែមកហើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី