Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ភ័យខ្លាចចិនវាយលុកលើកោះតៃវ៉ាន់ ចាប់ដៃជាមួយហ្វីលីពីន ត្រៀមសមត្ថភាពទប់ទល់

spot_img

រដ្ឋធានីម៉ានីល៖ ដោយសារតែមានការព្រួយបារម្ភកាន់តែខ្លាំង ជុំវិញសកម្មភាពយោធារបស់ចិន អាចនឹងវាយប្រហារទៅលើកោះតៃវ៉ាន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ជប៉ុន បានចាប់ដៃគ្នាជាមួយនឹងហ្វីលីពីន ដើម្បីបង្កើនចំណងទំនាក់ទំនងយោធា ជាយុទ្ធសាស្រ្ដ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ថា លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jr.) ប្រធានាធិបតីហ្វីលីពី និង លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន គ្រោងនឹងជួបគ្នា នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ នៅក្នុងទីក្រុងតូក្យូ។ មេដឹកនាំទាំង២ ត្រូវគេរំពឹង ថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី។

សារព័ត៌មាន Yomiuri Shimbun បានរាយការណ៍ ថា នៅក្នុងចំណោមកិច្ចព្រមព្រៀងទាំងនោះ កងកម្លាំងស្វ័យការពារជប៉ុន (JSDF) និង កងទ័ពហ្វីលីពីន (AFP) ត្រូវបានគេរំពឹង ថា នឹងបញ្ចប់នូវកិច្ចព្រមព្រៀង (RAA) ដែលបានចរចា តាំងពីខែមេសា ឆ្នាំ២០២២មក។

នៅក្នុងលក្ខខណ្ឌជាក់ស្តែង កិច្ចព្រមព្រៀងនោះ នឹងអនុញ្ញាតឱ្យកងទ័ពជប៉ុន កាត់បន្ថយនូវការរឹតបន្ដឹង ដល់ការចូលទៅកាន់មូលដ្ឋានទ័ពនានា នៅក្នុងប្រទេសហ្វីលីពីន ដើម្បីជួយសម្រួល ដល់កិច្ចសហប្រតិបត្តិការកាន់តែច្រើន និង កម្មវិធីហ្វឹកហ្វឺនរួមគ្នា រវាងកងកម្លាំងយោធា។ កងទ័ពជប៉ុន និង ហ្វីលីពីន រួមជាមួយនឹងការចូលរួមរបស់កងកម្លាំងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើសមយុទ្ធរួមគ្នា ទាក់ទងនឹងជំនួយមនុស្សធម៌ និង ការគ្រប់គ្រងគ្រោះមហន្តរាយ ចាប់តាំងពីឆ្នាំ២០១៧មក។

សហរដ្ឋអាមេរិក និង ជប៉ុន កំពុងតែគិតពិចារណា ថា ហ្វីលីពីន ជាដៃគូយុទ្ធសាស្រ្ដ សម្រាប់គ្រាអាសន្នណាមួយ នៅក្នុងព្រឹត្តិការណ៍ជម្លោះ នៅក្នុងតំបន់ ពាក់ព័ន្ធរវាងចិន និង តៃវ៉ាន់ ។ ការសម្រេចចិត្តរបស់ក្រុងម៉ានីល និង តូក្យូ នៅក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រឿង RAA ដ៏ទូលំទូលាយមួយនោះ ត្រូវបានគេមើលឃើញ ថា វាជាការបោះជំហានដ៏សំខាន់មួយ នៅក្នុងការជំរុញសម្ពន្ធភាព នៅក្នុងតំបន់ ដើម្បីរារាំងដល់ក្រុងប៉េកាំង វាយប្រហារ ឬ គំរាមកំហែងដល់តៃវ៉ាន់។

កិច្ចព្រមព្រៀងទ្វេភាគី RAA បានធ្វើឡើង ក្រោយកិច្ចព្រមព្រៀង រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងម៉ានីល ដើម្បីបង្កើននូវកិច្ចសហប្រតិបត្ដិការ លើវិស័យយោធា។ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាស កាលពីថ្ងៃទី២ ខែកុម្ភៈ ថា កងទ័ពសហរដ្ឋអាមេរិក នឹងត្រូវផ្ដល់សិទ្ធិពង្រីកមូលដ្ឋានកងទ័ព នៅពាសពេញប្រទេសហ្វីលីពីន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×