Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាទទួលឯកអគ្គរាជទូតថៃចូលជួបសម្តែងការគួរសម

spot_img

ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៍ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ឈើតគាត អាត់ថាកន ដែលត្រូវតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៍ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ការទទួលតំណែងជាឯកអគ្គរាជទូតរបស់ឯកឧត្តម ឈើតគាត អាត់ថាកន គឺស្របពេលដែលទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍ គិតមកដល់ពេលបច្ចុប្បន្ននេះគឺមានរយៈពេល៧២ឆ្នាំ។ សម្តេចមានជំនឿជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាជាងនេះថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម ឈើតគាត អាត់ថាកន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។ ក្នុងនោះ ទំនាក់ ទំនងមិតភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានពង្រឹងពង្រីកលើគ្រប់វិស័យ ជាពិសេសវិស័យ ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ មានការកើនឡើងគួរឱ្យកត់សម្គាល់។

ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្បើយ ប្រទេសទាំងពីរបានបើកព្រំដែន សម្របសម្រួលការធ្វើដំណើរវាងប្រជាជន ជាពិសេសការចាប់ផ្តើមធ្វើពាណិជ្ជកម្មតាមព្រំដែន នៃប្រទេសទាំងពីរឡើងវិញ។ ឯកឧត្តមសង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ នឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខនេះ។ ជាមួយគ្នានេះ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ក៏នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀតផងដែរ។
ឯកឧត្តមឯកអគ្គរាជទូតសម្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំ អនុវត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ព្រឹទ្ធសភានៃប្រទេសទាំងពីរ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានជំនឿជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រឹទ្ធសភា នៃប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដើម្បីគាំទ្រគ្នា និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងស្ថាប័ននីតិបញ្ញតិ្ត នៃប្រទេសទំាងពីរ។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដោយបានឃើញនូវទំនាក់
ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។ ការរីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាបន្តបន្ទាប់ ព្រមទាំងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករីយអំពីការរីកចម្រើនខាងសេដ្ឋកិច្ច វិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសការរក្សាបាននូវកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភានៃព្រះរាជាណាចក្រថៃឡង់ដ៍ តាមរយៈការបង្កើតក្រុមមិត្តភាពសភាទ្វេភាគី ការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកលើវេទិការពហុភាគីក្នុងក្របខ័ណ្ឌអន្តរសភា រួមមាន៖ AIPA, APF, ASEP និង IPU ជាដើម។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាត្រៀមខ្លួនជានិច្ច ក្នុងការធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរាជទូត ក៏ដូចជាស្ថានទូតថៃឡងដ៍ប្រចាំនៅព្រះរាជាណា- ចក្រកម្ពុជា ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការកាន់តែល្អប្រពៃរវាងប្រជាជន និងប្រទេសទាំងពីរ។
សម្តេប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរាជទូត មានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតដ៏ខ្ពង់ខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×