ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនលើកនេះ មិនត្រឹមពង្រីកកិច្ចសហប្រតិបត្តិការស៊ីជម្រៅនោះទេ អាចនឹងពិភាក្សាផ្លូវរថភ្លើងកម្ពុជា-ចិនផងដែរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីជជែកពិភាក្សាអំពីជំនួយចិននាំមកជួយអភិវឌ្ឍន៍កម្ពុជាបន្ថែមទៀត ដោយក្នុងនោះអាចនឹងពិភាក្សាលើការរៀបចំគម្រោងផ្លូវរថភ្លើងល្បឿនលឿនផងដែរ។

ដំណើរទស្សនកិច្ចដ៏មានឧត្តមប្រយោជន៍សម្រាប់កម្ពុជានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន, អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន រដ្ឋមន្រ្តី ឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនរូបផងដែរ។

ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ។

នាយករដ្ឋមន្រ្តីទាំងពីរកម្ពុជា-ចិន នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់រួចហើយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដោយសម្ដេចឱ្យដឹងថា ទស្សនកិច្ចនេះ ជាការរៀបចំមួយ ដើម្បីរំលឹកទៅដល់ពេលវេលាដ៏លំបាក ដែលជាខួបលើកទី៣ នៃថ្ងៃដែលសម្ដេចទស្សនកិច្ចក្នុងពេលវេលា ដែលគេទាំងឡាយរត់ចោលចិន ដោយសារតែខ្លាចនូវជំងឺកូវីដ-១៩ ប៉ុន្ដែសម្ដេចទៅប្រទេសចិន។

អ្វីដែលកម្ពុជា-ចិន បានធ្វើឡើងរួចមកហើយនោះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង កម្ពុជា-ចិន ត្រូវបានចូលជាធរមាន ដែលឥលូវនេះ ការជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បាននិងកំពុងធ្វើកាន់តែច្រើន ហើយពេលនេះក៏នឹងមានកិច្ចសហប្រតិបត្ដិការនានាបម្ថែមទៀត ត្រូវធ្វើកាន់តែច្រើនផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម