Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរចិន ចាប់ផ្ដើមមកដល់កម្ពុជាហើយ ខណៈរំពឹងថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនជាង ២លាននាក់

spot_img

ភ្នំពេញ ៖ ភ្ញៀវទេសចរចិន១២៥នាក់ ធ្វើដំណើរពីទីក្រុងប៉េកាំង បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃកម្ពុជាហើយ ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលនេះជាការមកដល់លើកដំបូងរបស់ភ្ញៀវទេសចរចិន ក្រោយត្រូវបាន សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសស្វាគមន៍បន្ទាប់ពី រដ្ឋាភិបាលចិន បានប្រកាសបិទបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេសរបស់ខ្លួន ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ។

ភ្ញៀវទេសចរចិនទាំង១២៥នាក់នេះ បានមុខដល់កម្ពុជាកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ តាមជើងហោះហើរពីទីក្រុងប៉េកាំង, ហើយនេះជាលើកទី១ ក្រោយរដ្ឋាភិបាលចិន បើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរចិនទាំងនេះ គឺមានអ្នកខ្លះមកដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ និងអ្នកខ្លះមកដើរលេងជាមួយមិត្តភក្តិធម្មតា, ហើយប្រតិបត្តិការហោះហើរនេះ ធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។

បន្ទាប់ពីទស្សនានៅក្នុងប្រទេសកម្ពុជារួចហើយនេះ ភ្ញៀវទេសចរចិនលើកដំបូងមកដល់កម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩នេះ ពួកគេនឹងផ្សព្វផ្សាយបន្តទៅកាន់ប្រជាជនចិន បូករួមនឹងកម្ពុជាយើង នឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ទាំងឡាយ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរចិន និងភ្ញៀវទេសចរណ៍បរទេសដទៃទៀត ឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិន គឺជាទីផ្សារធំសម្រាប់តែកម្ពុជា និងពិភពលោក។

គួររំលឹកថា អំឡុងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ជាមួយ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានប្រកាសស្វាគមន៍ជាមុនចំពោះអ្នកទេសចរចិនដែលចង់មកទស្សនាប្រទេសកម្ពុជា នៅពេលរដ្ឋាភិបាលចិនបើកឱ្យប្រជាជនចេញក្រៅប្រទេសបានស្រួលបួលឡើងវិញនាដើមឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ មានសុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅ និងមានការត្រៀមខ្លួនរួចជាស្រេចចំពោះវត្តមានភ្ញៀវទេសចរចិន, កាលពីឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២លាន២សែននាក់ប៉ុណ្ណោះ តែក្នុងឆ្នាំ២០២៣នេះ រំពឹងថា នឹងទទួលបានអ្នកទេសចរចិន២លាននាក់ ក្រោយពេលរដ្ឋាភិបាលចិនបើកឱ្យប្រជាជនខ្លួនចេញក្រៅប្រទេសបានឡើងវិញនោះ៕

spot_img
×