Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការលូកដៃរបស់អង្គការណាតូ បង្កើនការគំរាមកំហែង មិនអាចព្យាករបាន

spot_img

រដ្ឋធានីកៀវ៖ ថ្វីបើអង្គការណាតូ និង សម្ពន្ធមិត្តលោកខាងលិច មិនបានចូលពាក់ព័ន្ធ ដោយផ្ទាល់ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន ក៏ពិតមែន ប៉ុន្ដែចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាឲ្យកម្លាំងទាហានរបស់គាត់ បើកទ្វារព្រំដែន វាយលុកចូលទៅក្នុងប្រទេសជិតខាងរបស់ខ្លួន ដែលធ្លាប់រួមរស់ជាមួយគ្នា ក្រោមឆត្រ នៃអតីតសហភាពសូវៀត រហូតមកដល់ពេលនេះ អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក តែងតែផ្ដល់ជំនួយគ្រប់បែបយ៉ាង ជួយដល់ក្រុងកៀវ ទើបធ្វើឲ្យវិមានក្រឹមឡាំង ចោទប្រកាន់ អំពីការគំរាមកំហែង មិនអាចប៉ាន់ស្មាន ទុកជាមុនបាន។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ថា លោក ស៊ើហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា «ការផ្គត់ផ្គង់គ្រឿងសព្វាវុធរបស់បណ្ដាប្រទេសលោកខាងលិច ជួយដល់អ៊ុយក្រែន កំពុងតែអូសទាញអង្គការណាតូ ឲ្យចូលជ្រៅទៅក្នុងជម្លោះនេះ យ៉ាងពិតប្រាកដ។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដី បានព្រមាន ថា សកម្មភាពរបស់លោកខាងលិច អាចនឹងនាំឱ្យមានការកើនឡើង នៃជម្លោះ មិនអាចទាយ ទុកជាមុនបាន»។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងការហៅសន្និសីទជាមួយនឹងក្រុមមន្រ្ដីយោធារុស្ស៊ី ថា «សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន កំពុងតែព្យាយាមអូសជម្លោះនេះ ឲ្យកាន់តែយូរ តាមតែអាចធ្វើទៅបាន។ ដើម្បីពន្យារពេលសង្គ្រាមឲ្យកាន់តែយូរនោះ បណ្ដាប្រទេសបស្ចិមលោក កំពុងតែចាប់ផ្ដើម ផ្គត់ផ្គង់គ្រឿងសព្វាវុធវាយប្រហារធុនធ្ងន់ ដោយជំរុញជាចំហ ដើម្បីឲ្យអ៊ុយក្រែន វាយដណ្ដើមយកទឹកដីរបស់យើង។ ជាការពិតណាស់ វាជាការបោះជំហានទៅមុខ អូសទាញបណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់អង្គការណាតូ ឲ្យធ្លាក់ចូលទៅក្នុងជម្លោះ នៅអ៊ុយក្រែន ហើយវាយអាចជំរុញឲ្យកម្រិត នៃជម្លោះកើនឡើង មិនអាចទស្សន៍ទាយទុកជាមុនបាន»។

ការលើឡើងរបស់លោក ស៊ើហ្គេ សយហ្គូ (Sergei Shoigu) ចំពោះ«ទឹកដីរបស់យើង» ហាក់បីដូចជាសំដៅ ទៅលើតំបន់ចំនួន៤របស់អ៊ុយក្រែន ស្ថិតនៅភាគខាងកើត និង ភាគខាងត្បូងប្រទេស រួមមាន ដូណែតស្ក៍ (Donetsk), លូហានស្ក៍ (Luhansk), ហ្សាប៉ូរីហ្សា (Zaporizhzhia) និង ខើរសុន (Kherson) ដែលក្រុងមូស្គូ បានដាក់ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២២។ ចំណែកការបោះឆ្នោតប្រជាមតិ នៅក្នុងតំបន់ទាំងនេះ ត្រូវបានធ្វើឡើង ក្រោមអាជ្ញាធររបស់រុស្ស៊ី ប៉ុន្ដែត្រូវបានរដ្ឋាភិបាលក្រុងកៀវ និង សម្ពន្ធមិត្ដលោកខាងលិច ចាត់ទុកជាទង្វើខុសច្បាប់ ហើយអង្គការសហប្រជាជាតិ ក៏បានប្រកាស មិនទទួលស្គាល់ផងដែរ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ដែនដីជាច្រើន នៅក្នុងតំបន់ដែលរុស្ស៊ី បានអះអាងជារបស់ខ្លួននោះ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន នៅឡើយ ខណៈការវាយប្រហារគ្នាយ៉ាងខ្លាំង រវាងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង ទាហានរុស្ស៊ី កំពុងតែបន្ដ ទាំងនៅភាគខាងត្បូង និង ភាគខាងកើត។

រដ្ឋាភិបាលក្រុងមូស្គូ តែងតែចោទប្រកាន់ជាដដែល ដល់បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ដយោធារបស់អង្គការណាតូ ចំពោះការដើរតួនាទីដោយផ្ទាល់ នៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ទំនើបៗ ជួយដល់ក្រុងកៀវ។ ជាមួយគ្នានឹងការចោទប្រកាន់នោះ រុស្ស៊ី តែងតែព្រមានដល់អង្គការណាតូ ថា គ្រឿងសព្វាវុធរបស់ពួកគេទាំងនោះ ក្លាយជាគោលដៅស្របច្បាប់ សម្រាប់កម្លាំងទាហានរបស់ខ្លួន វាយប្រហារកម្ទេចចោល។

សហរដ្ឋអាមេរិក បានបញ្ជូនគ្រឿងសឹកជាច្រើនប្រភេទ មានតម្លៃសរុប ច្រើនជាង២០ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បានចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ កាលពីសប្ដាហ៍មុននេះ ក្រុងវ៉ាស៊ីនតោន ក៏បានប្រកាស អំពីកញ្ចប់ជំនួយគ្រឿងសព្វាវុធថ្មីបន្ថែមទៀត មានទំហំទឹកប្រាក់ ប្រហែល២ពាន់លានដុល្លារ ដោយរាប់បញ្ចូលទាំងគ្រាប់រ៉ុក្កែតបាញ់ រយៈចម្ងាយឆ្ងាយផងដែរ។

អ៊ុយក្រែន បានអះអាងថា គ្រឿងសព្វាវុធ ក៏ដូចជា ការផ្គត់ផ្គង់សម្ភារយោធាផ្សេងៗទៀត រួមទាំងរថក្រោះ ផងដែរ ពិតជាមានតម្រូវការជាបន្ទាន់ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី និង បង្កើនកម្លាំងបាញ់ប្រហាររបស់ខ្លួន សម្រាប់ការវាយលុក នៅនិទាឃរដូវ ប្រឆាំងនឹងកងកម្លាំងរបស់ក្រុងម៉ូស្គូ។ ក្រុមមន្ត្រីអ៊ុយក្រែន បានបញ្ជាក់ ថា ក្រុងមូស្គូ កំពុងតែប្រមូលគ្រឿងសព្វាវុធ និង ទ័ពបម្រុង សម្រាប់ការវាយប្រហារជាថ្មី នៅពេលខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×