Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ការហាត់ប្រាណសម្រាប់មនុស្សចាស់

សម្រាប់មនុស្សចាស់ ឬមនុស្សវ័យចូលនិវត្តន៍ គឺជាវ័យដែលមានសេចក្តីសុខបំផុត ព្រោះមិនចាំបាច់កង្វល់រឿងការងារតទៅទៀតឡើយ តែ ដោយសារតែមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រាករាងកាយ ទើបមនុស្សចាស់ ចាំបាច់ត្រូវតែរកកិច្ចការណាមួយធ្វើ ដើម្បីជួយឱ្យរាងកាយមានសុខភាពល្អ នោះគឺការហាត់ប្រាណ ព្រោះការហាត់ប្រាណ គឺជាជម្រើសដ៏ល្អមួយសម្រាប់មនុស្សចាស់។

ក្នុងអំឡុងពេលនេះ សម្រាប់មនុស្សចាស់ អាចនិយាយបានថា គឺជាវ័យដែលកំពុងតែចាប់ផ្តើមមានរោគប្រចាំកាយ ដូច្នេះគោលការណ៍ដ៏ទូលំទូលាយមួយសម្រាប់មនុស្សវ័យចំណាស់នោះ គឺហាមបញ្ចេញកម្លាំងខ្លាំងៗ ឬធ្វើចលនាលឿនៗពេក និងសង្កត់ធ្ងន់លើការហាត់ប្រាណដោយផ្នែកៗនៃរាងកាយ ព្រមទាំងប្រកាន់យកគោលការណ៍ “ធ្វើយឺតៗ តែធ្វើជាបន្តបន្ទាប់”។ យ៉ាងណាក៏ដោយ ការដែលមនុស្សចាស់ បានធ្វើចលនាសន្លាក់ឆ្អឹងផ្សេងៗនៅក្នុងរាងកាយ ដូចជាសន្លាក់ឆ្អឹងស្មា ដោយការដាក់ដៃសណ្តូកជាប់នៅខាងដងខ្លួន រួចលើកឡើងឱ្យផុតក្បាល ហើយដាក់ចុះមកវិញ ធ្វើជាបន្តបន្ទាប់ ក្នុងដៃម្ខាងពី ៥-១០ដង ក្បាច់នេះនឹងជួយបង្កើនការធ្វើចលនារបស់ឆ្អឹងសន្លាក់ឱ្យបានកាន់តែល្អប្រសើឡើង។

ចំណែកការហាត់ប្រាណបែបប្រើកម្លាំង ដូចជាលើកទម្ងន់ដែលមិនធ្ងន់ប៉ុន្មាន ឬការលើកដៃលើកជើង អាចចាត់ទុកថា ជាការសង្កត់ធ្ងន់លើការអភិវឌ្ឍសាច់ដុំធំៗ ជួយក្នុងរឿងការធ្វើចលនា ស្មើនឹងការបានបង្កើនភាពរឹងមាំរបស់សាច់ដុំផងដែរ។ ក្រៅពីនេះ ការហាត់ប្រាណនៅជួយបង្កើនភាពយឺតយារ និងការទប់លំនឹងខ្លួន ដូចជាការធ្វើចលនាតាមផ្នែកផ្សេងៗនៃរាងកាយយ៉ាងយឺតៗ និងឱ្យខ្លាំងលើសពីវិស័យនៃការធ្វើចលនាធម្មតាបន្តិច នឹងជួយពន្យឺតសាច់ដុំបានល្អបំផុត និងគួរធ្វើរួមគ្នាជាមួយនឹងការបញ្ចេញ-បញ្ចូលទម្ងន់ទៅមក ដូចជាការរាំក្បាច់គុនចិន ហ្វឹកយ៉ូហ្កាតាមក្បាច់ងាយៗ ជាដើម។ ទាំងអស់នេះជួយបង្កើនការទប់លំនឹងខ្លួន កាត់បន្ថយឱកាសក្នុងការដួល រងរបួស និងឈឺសាច់ដុំ ជាដើម។

ចុងក្រោយបំផុត ចំពោះអ្នកដែលអាចរាំហាត់ប្រាណបែប “អ៊ែរ៉ូប៊ិក” ស្រាលៗ នឹងបានហាត់ប្រាណទៅលើសាច់ដុំធំៗ ហុចផលឱ្យបេះដូងធ្វើការដល់កម្រិតអត្រាការលោតរបស់បេះដូងបានល្អ។ គោលដៅក្នុងការហាត់ប្រាណសម្រាប់មនុស្សចាស់ នឹងទាបជាងមនុស្សវ័យកំលោះ-ក្រមុំ ដោយស្ថិតនៅក្នុងអត្រា ៦០-៧០ភាគរយនៃអត្រាការលោតរបស់បេះដូងខ្ពស់បំផុត និងស្ថិតនៅនឹងស្មើ ប្រមាណជា ១៥នាទី។ ទាំងអស់នេះ គួរធ្វើឱ្យបាន ៣ដង ក្នុង ១សប្តាហ៍ ព្រោះក្រៅពីល្អសម្រាប់សមត្ថភាពរបស់បេះដូងហើយ នៅល្អសម្រាប់សួតទៀតផង។

ទោះជានៅលើមនុស្សវ័យចំណាស់មួយចំនួន ដែលអាចមានបញ្ហារឿងឆ្អឹងសន្លាក់ក្បាលជង្គង់ក្តី ក៏អាចប្តូរការហាត់ប្រាណ ទៅជាឥរិយាបថក្បាច់អង្គុយ ឬគេងក៏បាន តាមតែទម្លាប់ ឬការថ្នឹករបស់មនុស្សចាស់ម្នាក់ៗ តែការបានកម្រើកដៃជើង ដើម្បីហាត់ប្រាណ វានឹងប្រសើរជាងការបណ្តោយគាត់អង្គុយ ឬគេងទទេៗ ដោយមិនមានធ្វើអ្វីសោះដែរ៕

×