Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានសុំឱ្យឯកឧត្តមអគ្គរាជទូតជប៉ុន ជួយជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគ មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត

spot_img

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម Atsushi បានគោរពចូលរួមសម្ដែងមរណៈទុក្ខដល់ក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់ប្អូនស្រីថ្លៃរបស់សម្ដេចតេជោ និងសូមវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព។

ឯកឧត្តម Atsushi បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកាន់កម្ពុជាកាលពីឆ្នាំ១៩៩២ ហើយនៅពេលនេះ កម្ពុជា មានការអភិវឌ្ឍយ៉ាងខ្លាំង មានស្ថិរភាព និងមានសន្តិភាព ។ ក្នុងន័យនេះ ឯកឧត្តម សូមសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ក្នុងភាពជាអ្នកដឹកនាំជាទីគោរព។ ឯកឧត្តម Atsushi ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងភាពជាប្រធានអាស៊ាន ទទួលបានជោគជ័យ ។ ឯកឧត្តម Atsushi បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងទាំងពីរ គឺល្អបំផុតនៅពេលនេះ។

ឯកឧត្តម ពិតជាមានកិត្តិយសណាស់ ដែលបានមកបម្រើការងារជាអ្នកការទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម Atsushi បានប្ដេជ្ញា និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគមកកាន់កម្ពុជា, ជំរុញទេសចរណ៍មកកម្ពុជា និងជួយគាំទ្រកម្ពុជា លើការរៀបចំដំណើរការកីឡាស៊ីហ្គេម, បោះឆ្នោតនាខែកក្កដាខាងមុខ, ការងារដោះមីន, កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តម Atsushi ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណជូនចំពោះឯកឧត្តម Atsushi នូវការចូលរួមរំលែកមរណៈទុក្ខ។

សម្ដេចតេជោបានថ្លែងអំណរគុណ និងយល់ស្របជាមួយការលើកឡើងរបស់ឯកឧត្តម Atsushi អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយការប្ដេជ្ញាចិត្តរបស់ឯកឧត្តម Atsushi ជួយដល់កម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជប៉ុន អាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់ ឬ Chater Fly មកកាន់កម្ពុជា ។ ដោយឡែកលើវិស័យសេដ្ឋកិច្ច និងវិនិយោគ សម្ដេច បានសុំឱ្យឯកឧត្តមអគ្គរាជទូត ជួយជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគ មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×