Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់ បង្ហាញមូលដ្ឋានកងទ័ពអាកាសនៅក្រោមដី គំរាមលោកខាងលិច

រដ្ឋធានីតេអ៊ីរ៉ង់៖ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយនឹងសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ដលោកខាងលិច ជុំវិញកម្មវិធិអភិវឌ្ឍន៍អាវុធមហាប្រល័យលោករបស់អ៊ីរ៉ង់ នោះ រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ក៏បានបង្ហាញមូលដ្ឋានកងទ័ពអាកាស នៅក្នុងក្រោមដីជាមួយនឹងមីស៊ីល បាញ់រយៈចម្ងាយឆ្ងាយ ហើយថែមទាំងបានគំរាមឆ្លើយតប ដល់ប្រទេសណាមួយ វាយប្រហារ មកលើទឹកដីរបស់ខ្លួនថែមទៀតផង។

សារព័ត៌មានរបស់ប៉ាគីស្ថាន Dawn បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៨ ខែកុម្ភៈ ថា បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ ថា កងទ័ពអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានបង្ហាញនូវមូលដ្ឋានកងទ័ពអាកាសក្រោមដី ជាលើកដំបូងរបស់ខ្លួន សម្រាប់ផ្ទុកយន្ដហោះជាច្រើនគ្រឿង។ មូលដ្ឋានកងទ័ពអាកាសក្រោមដីនេះ ឈ្មោះ ឥន្ទ្រី៤៤ ហើយត្រូវបានរចនាឡើង សម្រាប់ទប់ទល់នឹងការវាយប្រហារ ពីគ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលអាចនឹងកើតឡើងជាយថាហេតុ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ IRNA បានចេញផ្សាយ ដោយរៀបរាប់ ថា មូលដ្ឋានកងទ័ពអាកាសក្រោមដីនេះ ជាមូលដ្ឋានកងទ័ពដ៏សំខាន់បំផុតមួយ សម្រាប់កងទ័ពអាកាសរបស់អ៊ីរ៉ង់ ដែលបានបំពាក់ ទៅដល់យន្ដហោះចម្បាំងជាច្រើនគ្រឿង ជាមួយនឹងមីស៊ីលគ្រូស បាញ់រយៈចម្ងាយឆ្ងាយ។ ចំណែកលក្ខណៈសម្បតិ្ដដ៏សំខានរបស់មូលដ្ឋានកងទ័ពអាកាសនេះ មានទីតាំងស្ថិតក្នុងតំបន់ភ្នំ ហើយវាចូលជ្រៅទៅក្នុងផែនដី។

ទោះជាយ៉ាងណា កងទ័ពអ៊ីរ៉ង់ មិនបានបង្ហាញ អំពីភូមិសាស្រ្ដ នៃមូលដ្ឋានកងទ័ពអាកាសក្រោមដីរបស់ខ្លួ តាំងនៅតំបន់ណានោះឡើយ។ ការបង្ហាញមូលដ្ឋានកងទ័ពអាកាសក្រោមដីរបស់អ៊ីរ៉ង់ បានកើតឡើង នៅមុនខួបទី៤៤ នៃបដិវត្ដន៍អ៊ិស្លាម ឆ្នាំ១៩៧៩ ហើយក៏ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិក និង អ៊ីស្រាអែល។

អ៊ីរ៉ង់ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់រុស្ស៊ី ហើយប្រទេសមជ្ឈិមបូព៌ាមួយនេះ បានរងនូវការស្ដីបន្ទោស និង ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ពីបណ្ដាប្រទេសលោកខាងលិច ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់ និង ការផ្គត់ផ្គង់ដ្រូនអត្ដឃាត ជួយដល់ក្រុងមូស្គូ សម្រាប់ធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ ជាថ្នូរនឹងការផ្គត់ផ្គង់ដ្រូនពីក្រុងតេអ៊ីរ៉ង់ នោះ រុស្ស៊ី បានសន្យាផ្ដល់យន្ដហោះចម្បាំងដ៏ទំនើបរបស់ខ្លួន មកដល់ប្រទេសអ៊ីរ៉ង់ វិញ។

ជាមួយគ្នានេះ អ៊ីរ៉ង់ ក៏នឹងត្រូវទទួលបានយន្ដហោះចម្បាំងដ៏ទំនើប ប្រភេទ Sukhoi Su-35 (ស៊ូខយ ស៊ូ-៣៥) មួយចំនួន ពីរុស្ស៊ី នៅខែមីនា។ នេះជាផ្នែកមួយ នៃការបញ្ជាទិញរបស់ក្រុងតេអ៊ីរ៉ង់ ដោយរាប់បញ្ចូល ទាំងការទិញប្រព័ន្ធការពារដែនអាកាស មីស៊ីល និង ឧទ្ធម្ភាគចក្ររាប់សិបគ្រឿងផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×