Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិសនីកម្ពុជា ខាតលុយជិត ២០០លានដុល្លារ ពីការឡើងថ្លៃនៃវត្ថុធាតុដើម

ភ្នំពេញ៖ ការឡើងថ្លៃដើមនៃតម្លៃធ្យូងថ្ម ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ដែលបណ្តាលមកពីផលប៉ះពាល់នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចប្រឆាំងទីក្រុងមូស្គូ ធ្វើឲ្យថ្លៃ អគ្គិសនីកម្ពុជា ខាតលុយជិត ២០០លានដុល្លារ នៅឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ បើយោងតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ក្នុងបទសម្ភាសជាមួយទូរទស្សន៍ក្នុងស្រុក។

ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា ដោយសារតែការឡើងថ្លៃដើមនេះ អគ្គិសនីកម្ពុជា ត្រូវការលក់បង្កើនតម្លៃពី ៣០ទៅ ៤០% ដើម្បីបំពេញការខាតជិត ២០០លានដុល្លារ ប៉ុន្តែដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាតម្លៃអគ្គិសនីនៅដដែល រដ្ឋសុខចិត្តចេញការខាត តាមរយៈការឧបត្ថម្ភធន ឬអគ្គិសនីកម្ពុជា ជាអ្នកចេញថ្លៃខាតទាំងនេះ។ ឯកឧត្តម បានបន្ថែមទៀតថា ទោះបីជាថ្លៃដើមការផលិតអគ្គិសនីនៅតែបន្តកើនឡើង ក៏អគ្គិសនីកម្ពុជា នៅឆ្នាំនេះ នឹងមិនដំឡើងថ្លៃអគ្គិសនីនោះដែរ។

អគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា បើទោះបីជាថ្លៃដើមផលិតអគ្គិសនីឡើងថ្លៃខ្ពស់ ក៏អគ្គិសនីកម្ពុជា នៅតែរក្សាតម្លៃលក់អគ្គិសនីជូនអ្នកប្រើប្រាស់ ក្នុងតម្លៃដដែល ដើម្បីចៀសវាងប៉ះពាល់ដល់អ្នកប្រើប្រាស់ ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានពន្យល់ថា កាលពីមុនសង្គ្រាម ធ្យូងថ្ម មានថ្លៃ ៧០ដុល្លារ ក្នុងមួយតោន ប៉ុន្តែពេលនេះ ហក់ឡើងដល់ជាង ៤០០ដុល្លារ ក្នុងមួយតោន ចំណែកប្រេងឆៅថ្លៃពី ៦០ទៅ ៧០ដុល្លារ ក្នុងមួយបារ៉ែល បានឡើងដល់ជាង ១០០ដុល្លារ ក្នុងមួយបារ៉ែល ខណៈឧស្ម័នធម្មជាតិឡើងដល់ចន្លោះពី ៥០០ទៅ ៦០០%។

សូមជ្រាបថា ការប្រើប្រាស់អគ្គិសនីរបស់កម្ពុជា មានការកើនឡើងជាលំដាប់ទៅតាមកំណើនប្រជាជន និងការអភិវឌ្ឍ ព្រមទាំងភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ កាលពីឆ្នាំ ឆ្នាំ ២០២១ ការប្រើប្រាស់មានកំណើន ៩% និងឆ្នាំ ២០២២ មានកំណើន ១៥%។ ហើយរីឯការផលិតអគ្គិសនីរបស់កម្ពុជា ប្រហែលជាង ៦០% បានមកពីប្រភពថាមពលកកើតឡើងវិញ៕

×