Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនធំៗ ៣ របស់ប្រទេសចិន ប្តេជ្ញារួមគ្នាក្នុងការវិនិយោគ នៅកម្ពុជានាពេលខាងមុខ

spot_img

ការបេ្តជ្ញារួមគ្នាក្នុងការវិនិយោគ នៅកម្ពុជានាពេលខាងមុខរបស់ក្រុមហ៊ុនចិនធំៗ ទាំង៣នេះ ស្តែងឡើងតាមរយៈកិច្ចពិភាក្សារ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗ៣នេះ ចូលជួបសំដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគចិនទាំង៣ ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។

ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមាន ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited ។ ក្រុមហ៊ុនទាំងនេះ បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។

ជាមួយនឹងទិសដៅនៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លឿងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនចិន ក៏បានជំរាបជូនសម្តេចតេជោពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាប ទៅកាន់អាកាសយានអន្តរជាតិថ្មី នៅខេត្តសៀមរាបផងដែរ។

ដោយឡែកការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។

ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះ ក្រុមហ៊ុនបានបញ្ចប់ការសិក្សាបឋមនៃគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូនក្រសួងសាធារណការ ។ ក្រុមហ៊ុនចិន ក៏បានជំរាបជូន ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះ បាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្រុមហ៊ុនវិនិយោគទាំង៣របស់ប្រទេសចិន ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី មកកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះ៕

spot_img
×