ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនសាងសង់ធំៗរបស់ចិនចំនួន ៣ ជម្រាបជូន សម្ដេចតេជោ ហ៊ុន សែន អំពីគម្រោងដែលត្រូវអភិវឌ្ឍន៍ ច្រើនសន្ធឹកសន្ធាប់

ចិន ៖ ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍របស់ចិនធំៗចំនួន ៣ បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខណ:អញ្ជើញដល់ទីក្រុងប៉េកាំង ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃ រួមមាន ផ្លូវរថភ្លើងកម្រិតធ្ងន់-កម្រិតស្រាល, ផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ, ស្ដារផ្លូវទឹកតាមដងទន្លេសាប, ជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍-ដឹកជញ្ជូន ជាច្រើនទៀតដែលត្រូវអាក់ភិវឌ្ឍន៍នៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលខាងមុខ។

គម្រោងអភិវឌ្ឍន៍លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍-ដឹកជញ្ជូននៅកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ គឺនឹងត្រូវអនុវត្តដោយក្រុមហ៊ុនចិនធំៗចំនួន ៣ រួមមាន ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited។ ក្រុមហ៊ុនទាំង៣នេះ ធ្លាប់បានវិនិយោគលើការសាងសង់ផ្លូវថ្នល់-ស្ពាន ជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។

ថ្នាក់ដឹកនាំក្រុមហ៊ុនចិនទាំង៣ បានជំរាបជូន សម្តេចតេជោ ហ៊ុនសែន ថាប្រតិបត្តិការផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) នោះ នឹងត្រូវអនុវត្តនៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧។

គម្រោងដែលត្រូវស្ថាបនាជាច្រើនទៀត មាន ការដឹកជញ្ជូនផ្លូវទឹកសាប, ចម្រាញ់ទឹកកខ្វក់នៅខេត្តព្រះសីហនុ, ផ្លូវរថភ្លឿងល្បឿនលឿនធុនធ្ងន់ភ្នំពេញ-ប៉ោយប៉ែត, ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល ពីក្រុងសៀមរាប ទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។

ក្រុមហ៊ុនចិនទាំង៣ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ទៀតថា ក្រុមហ៊ុនបានបញ្ចប់ការសិក្សាពីលទ្ធភាពនៃគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ, ក្រុមហ៊ុនក៏បានបញ្ចប់ការសិក្សាគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ក្នុងនោះ ស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ-សៀមរាប និងបានដាក់របាយការណ៍សិក្សានេះជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្តរួចរាល់ហើយ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំង៣របស់ចិនខាងលើនេះ ដែលបានប្តេជ្ញាមុតមាំរួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ប្រកបដោយគុណភាពនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលខាងមុខ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនិយោគផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅកានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក, មានន័យថា នៅក្នុងរាជធានីភ្នំពេញ នឹងមានចរាចរណ៍ផ្លូវរថភ្លើងក្រោមដីនាពេលខាងមុខឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម