Saturday, December 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងអនុប្រធានទី១ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មុយនីស្តចិន

ប៉េកាំង : ក្នុងឱកាសចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ចាំង យូសៀ (Zhang You Xia) អនុប្រធានទី១ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មុយនីស្តចិន ដោយមានការចូលរួមផងដែរពីសំណាក់ នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiao Ming) មេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន និងឧត្តមសេនីយ៍ទោ លី ពីន (Li Bin) ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ចាំង យូសៀ បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះឱកាសដ៏មានអត្ថន័យ ដែលបានជួបសំណេះសំណាលជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ាណែត ស្របពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មកកាន់សាធារណរដ្ឋប្រជាមានិតចិននាឱកាសលើកនេះ។ ឯកឧត្តម បានកត់សម្គាល់ប្រកបដោយការវាយតម្លៃខ្ពស់ អំពីការរីកចម្រើននៃទំនាក់ទំនងផ្នែកយោធាកម្ពុជា-ចិន ក្នុងរយៈកាលកន្លងមកនេះ និងបានបង្ហាញនូវការគាំទ្រលើគោលគំនិត និងទិសដៅសហប្រតិបត្តិការនានារវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក ក្នុងកម្រិតកងទ័ពជើងគោក សំដៅធ្វើយ៉ាងណាថែរក្សាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន នាយឧត្តមសេនីយ៍ ចាំង យូសៀ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងបានថ្លែងអំណរគុណចំពោះការផ្តល់កិត្តិយស ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលនេះ។ លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណចំពោះកងទ័ពរំដោះប្រជាជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ និងបានជម្រាបជូនអំពីវឌ្ឍនភាពឈានឡើង នៃទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានបង្ហាញនូវមតិយល់ស្របដូចគ្នា ក្នុងគោលបំណងចង់ឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលប្រទេស និងប្រជាជននៅក្នុងតំបន់នេះ ធ្លាប់ទទួលផលកន្លងមក ហើយការដោះស្រាយបញ្ហាប្រឈមនានា គឺចាំបាច់ត្រូវឈរលើមូលដ្ឋាន នៃសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើវិធានច្បាប់៕រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

×