ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារនាព្រឹកថ្ងៃចន្ទនេះថា យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅ ក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង?
មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយស សូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផង តែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអធ្រាត្រទៅវិញ។
ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។

ស្ថាប័នមានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ២០២៣ ដោយគ្មានការកែប្រែ។
សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូន ឬប្រទេសម្ចាស់លុយ ដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់ រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី





