ភ្នំពេញ៖ បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រស៊ីម៉ងត៍ចំនួន៥ កំពុងដំណើរការ ដោយក្នុងចំណោម៥នោះ មាន៤រោងចក្រ នៅទីតាំងស្ថិតក្នុងខេត្តកំពត និងទីតាំងមួយទៀត ស្ថិតនៅក្នុងខេត្តបាត់ដំបង ខណៈរោងចក្រផលិតស៊ីម៉ងត៍ទី៦ នៅក្នុងខេត្តកំពង់ស្ពឺ កំពុងត្រូវបានគេសិក្សា។

បើតាមរបាយការណ៍របស់សមាគមផលិតស៊ីម៉ងត៍កម្ពុជា (CCMA) បានឲ្យដឹងថា រោងចក្រផលិតស៊ីម៉ងត៍ចំនួន ៥ នៅកម្ពុជានេះ បានរួមចំណែកបំពេញតម្រូវការក្នុងស្រុកប្រហែល ៩០ភាគរយ ។ ហើយនៅសល់ ១០ ភាគរយនៃតម្រូវការ ត្រូវបាននាំចូល ដែលភាគច្រើន មកពីប្រទេសវៀតណាម ថៃឥណ្ឌា និងអាល្លឺម៉ង់។

ថ្មីៗនេះ បើតាមមន្រ្តីអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក អ៉ឹង ឌីប៉ូឡា បានឲ្យដឹងថា រោងចក្រផលិតស៊ីម៉ងត៍ទាំង៥នេះ ផលិតស៊ីម៉ងត៍បាន ៩លានតោន ក្នុងមួយឆ្នាំ ដើម្បីបម្រើលើវិស័យសំណង់ក្នុងស្រុក និងប្រមូលចំណូលសួយសារអារកប្រមាណ ៧លានដុល្លារចូលថវិកាជាតិ។

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ដែលកំពុងបន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ក្រោយការរីករាលដាលនៃជំងឺ កូវីដ-១៩ ធ្វើឲ្យតម្រូវការសម្ភារៈសំណង់ ដូចជាស៊ីម៉ងត៍ កំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ វិធានការរបស់រដ្ឋាភិបាល ក្នុងការកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កាន់តែបង្កើនតម្រូវការ ។

ស្របពេលដែលប្រទេសកម្ពុជា បំពេញមួយផ្នែកធំនៃតម្រូវការរបស់ខ្លួនសម្រាប់សម្ភារៈសំណង់ តាមរយៈផលិតកម្មក្នុងស្រុក ការអភិវឌ្ឍន៍នៃឧស្សាហកម្មស៊ីម៉ងត៍ មានភាពខុសគ្នាខ្លាំងទៅតាមប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
បើតាមការស្រាវជ្រាវស្តីពីឧស្សាហកម្មស៊ីម៉ងត៍អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣-២០៣២ បានឱ្យដឹងថា តម្រូវការស៊ីម៉ងត៍នឹងបន្តកើនឡើងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ របាយការណ៍នេះ បានផ្តោតលើប្រទេសសមាជិកអាស៊ាន ដូចជា សិង្ហបុរី ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ា ប្រ៊ុយណេ ឡាវ និងកម្ពុជា៕