Saturday, December 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន នៅតែសម្រេចឱ្យក្រសួងព័ត៌មាន ពិនិត្យលើផ្លូវច្បាប់លុបអាជ្ញាប័ណ្ណរបស់សារព័ត៌មាន VOD, ពេលនេះលុបជាស្ថាពរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតែសម្រេចឱ្យក្រសួងព័ត៌មានពិនិត្យលើផ្លូវច្បាប់លុបអាជ្ញាប័ណ្ណរបស់សារព័ត៌មាន VOD ចំពោះការផ្សាយបំផ្លើសការពិតទាំងស្រុង បង្កាច់កេរ្ដិ៍ និងញុះញង់ឲ្យមានការរើសអើង ដូចដែលសម្ដេចបានលើកឡើងកាលពីពេលល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នោះដដែល បើទោះបី សារព័ត៌មាន VOD នេះ បានសម្រេចសូមទោស សម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះកំហុសឆ្គងនៃការផ្សាយរបស់ខ្លួននោះក៏ដោយ ប៉ុន្តែអ្វីៗវាហួសពេលអស់ទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តើឈឺណាស់ទៅឬ ក្រោយត្រូវមួយកំភ្លៀងហើនោះ? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយស សូម្បីពាក្យសូមទោសមួយម៉ាត់ មិនហ៊ាននិយាយផង, តែក្រោយត្រូវមួយកំភ្លៀង បែរជាភ្លេចអស់កិត្តិយស មកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ?!

ជាក់ស្ដែង លិខិតសូមទោសរបស់ VOD បានធ្វើឡើងនៅរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ។ សម្តេចតេជោ បានសម្តែងចម្ងល់ថា ហេតុអ្វីមិនសូមទោសពីល្ងាច?! បែរជាមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង ១២យប់ទៅវិញ?! ដូច្នេះ «ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ»។

សម្តេចតេជោ ហ៊ុន សែន បានណែនាំស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលសម្ដេចបានប្រគល់ជូនកាលពីល្ងាចថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយគ្មានការកែប្រែ។

សម្តេចតេជោ ប្រាប់ទៅបុគ្គលិកបម្រើការងារនៅស្ថាប័ននេះផងដែរថា បុគ្គលិកដែលត្រូវបាត់បង់ការងារ ត្រូវបន្ទោសមេដឹកនាំខ្លួនឯង ឬប្រទេសម្ចាស់លុយ ដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវ លើការសូមទោសធ្វើឱ្យបុគ្គលិកបាត់បង់ការងារធ្វើ។

នៅទីបំផុតទៅ ក្រសួងព័ត៌មាន នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញប្រកាស លុបអាជ្ញាប័ណ្ណមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានសារព័ត៌មាន VOD, ចុះហត្ថលេខាដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ចំណែកក្នុងសេចក្តីថ្លែងការណ៍នាយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ព័ត៌មានចុះផ្សាយដោយ VOD ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅតួកគី ជំនួសសម្តេចតេជោ គឺជាការលើកឡើងរបស់អ្នកកាសែត ដែលគ្មានប្រភពព័ត៌មានពិតប្រាកដ។ ការចុះផ្សាយនោះ គឺជាព័ត៌មានចចាមអារ៉ាម និងជាព័ត៌មានប្រឌិតក្លែងក្លាយ ដែលបំផុសឡើងដោយអ្នកសារព័ត៌មានតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានទុកពេលវេលា ៧២ម៉ោង ឱ្យសារព័ត៌មាន VOD សូមទោសជាសាធារណៈ ចំពោះការផ្សាយថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅតួកគី ជំនួសសម្តេច៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×