Saturday, December 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយ និស្សិត សិក្ខាកាមយោធា និងនគរបាលកម្ពុជា ដែលសិក្សានៅឡាវ

ប្រទេសឡាវ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត សិក្ខាកាមយោធា និងនគរបាលកម្ពុជា ដែលកំពុងសិក្សា និងបណ្តុះបណ្តាល នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីនោះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចកម្រិតខ្ពស់នៅក្នុងប្រទេសឡាវ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកស្រីឧបនាយករដ្ឋមន្ត្រី មែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ព្រមទាំងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួនទៀត។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នា ជាមួយ លោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោកបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា, សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស «ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧»៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×