ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជនសាទរចំពោះគណៈកម្មការទី៤នៃព្រឹទ្ធសភា ចុះត្រួតពិនិត្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងខេត្តព្រះសីហនុ

ភ្នំពេញ ៖ គណៈកម្មការទី៤នៃព្រឹទ្ធសភា ទទួលបន្ទុកកិច្ចការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ដឹកនាំដោយលោក សុខ ឥសាន អញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយ លោក គួច ចំរើន អភិបាលខេត្ត ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធលើកិច្ចប្រតិបត្តិការរបស់អភិបាលខេត្ត ថាតើអសកម្មត្រង់ចំណុចណា? និងរលូនត្រង់ចំណុចណា? ដើម្បីកែប្រែឲ្យទៅជារលូនល្អប្រសើរសម្រាប់សេវាកម្មសាធារណៈផ្សេងៗជូនចំពោះប្រជាពលរដ្ឋ, ហើយកិច្ចការងារនេះត្រូវបានមហាជនពេញចិត្តជាខ្លាំង។

ការចុះឈ្វេងយល់ និងត្រួតពិនិត្យនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ មានគោលដៅ បើរកឃើញចំណុចខ្វះខាត គឺត្រូវណែនាំបំពេញបន្ថែម, ហើយការអនុវត្ត មិនត្រឹមតែរដ្ឋបាលខេត្តព្រះសីហនុប៉ុណ្ណោះទេ គឺគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធក្នុងខេត្ត ដូចជា កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ទីរមុខងារសាធារណៈ ព្រមទាំងបញ្ហាប្រឈមនានាក្នុងខេត្ត។

មន្ត្រីសមាជិកគណៈកម្មការទី៤នៃព្រឹទ្ធសភា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល បានបង្កើតក្រុមប្រឹក្សារៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើន សេដ្ឋកិច្ចជាតិ សម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០, ដូច្នេះ រាល់ប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធលើកិច្ចប្រតិបត្តិការរបស់អភិបាលខេត្ត មានចំណុចខ្វះខាតត្រង់ណា? ភាពអសកម្មត្រង់ណា? យើងត្រូវតែសិក្សាឲ្យច្បាស់លាស់ ដើម្បីកែតម្រូវឲ្យត្រូវទៅនឹងស្ដង់ដារនៃសេវាកម្មសាធារណៈ បម្រើប្រជាពលរដ្ឋឲ្យបានល្អ អាជីវករ ពាណិជ្ជករ និងធុរជន បើពុំដូច្នោះទេ យើងពុំអាចប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងបាននោះទេ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា សមិទ្ធផលក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ ស្ថានីយ៍ប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ បន្ទប់ទឹកសាធារណៈ កសាងរូបបដិមារួមមាន រង្វង់មូលព្រះឧមា-មហេសូរ, រង្វង់មូលសីហរាជមុខបី, រង្វង់មូលព្រះថោងនាងនាគ, រង្វង់មូលព្រះស្កន្ទទ្រង់ក្ងោក ដែលបង្ហាញអំពីវប្បធម៌អរិយធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រជាតិ, ស្លាកអក្សរ «ខ្មែរធ្វើបាន», ទីលានតេជោ ព្រមទាំងការរៀបចំស្តង់ដារអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រ។

បន្ថែមលើសមិទ្ធផលទាំងនេះ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវដែក បាននាំភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ យ៉ាងច្រើនកុះករនៅចុងសប្តាហ៍ និងពីធីបុណ្យជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ការខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពខេត្ត ធ្វើឱ្យបទល្មើសនៅក្នុងមូលដ្ឋានមានការថយចុះ ដូចជាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់, ប្រយុទ្ធប្រឆាំងសកម្មភាពជួញដូរមនុស្ស, ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ, ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបទល្មើសសេដ្ឋកិច្ច និងបទល្មើសផ្សេងៗទៀត ធ្វើឱ្យធ្លាក់ចុះជាលំដាប់។

មហាជនបានសាទរយ៉ាងខ្លាំង ចំពោះការចុះត្រួតពិនិត្យរបស់គណៈកម្មការទី៤នៃព្រឹទ្ធសភាដឹកនាំដោយលោក សុខ ឥសាន ជាប្រធាន, ព្រោះថា ធ្វើបែបនេះគឺចៀសវាងបានចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ជិះសេះមើលផ្កា អនុវត្តសេវាសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តមិនបានល្អ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម