សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទទួលបានមេដាយថ្នាក់ខ្ពស់បំផុតគឺ «មេដាយ ផូសៃឡានសាង» ពីលោក ថងលួន ស៊ីសូលីត (Thongloun Sisoulith) ប្រធានាធិបតីឡាវ ខណៈសម្ដេចតេជោ ក៏បានកោតសរសើរអំពីប្រព័ន្ធអគ្គិសនីរបស់ប្រទេសឡាវប្រៀបដូចជាធុងអាគុយមួយដ៏ធំចែកចាយទៅដល់បណ្ដាប្រទេសជិតខាង ជាពិសេសកម្ពុជាក៏ជាទីផ្សារអគ្គិសនីរបស់ឡាវមួយផងដែរ។
ពិធីផ្ដល់ «មេដាយ ផូសៃឡានសាង» នេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គឺលោក ថងលួន ស៊ីសូលីត (Thongloun Sisoulith) ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផ្ដោតទៅលើអត្ថន័យថា សម្ដេចតេជោ ហ៊ុន សែន និងកម្ពុជាទាំងមូល មានគុណបំណាច់ដ៏ធំធេងក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ជាពិសេសក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គឺកម្ពុជាជួយឡាវ ទាំងវ៉ាក់សាំង ទាំងបច្ចេកទេស និងសម្ភារៈវេជ្ជសាស្ត្រ។

ងាកមកប្រព័ន្ធអគ្គិសនីនៅក្នុងប្រទេសឡាវិញ, ក្នុងសន្តិសីទកាសែតរួមគ្នាជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឡាវ គឺជាធុងអាគុយ នៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជាជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ដូច្នេះហើយយើងផ្តល់ការយកចិត្តទុកដាក់ សហការគ្នា ទៅលើបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្ម។
គួរបញ្ជាក់ថា ប្រទេសឡាវ មានទំនប់វារីអគ្គិសនី ធំៗសរុប ៩ ដែល មានទីតាំងនៅលើទន្លេមេគង្គក្នុងដែនទឹករបស់ខ្លួន, កាលពីអំឡុងឆ្នាំ២០២០ រដ្ឋាភិបាលឡាវ បានសាងសង់ទំនប់វារីអគ្គិសនីដ៏ធំមួយឈ្មោះថា « សាណាខាម » ស្ថិតចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រ នៅប៉ែកខាងជើងទីក្រុងវៀងចន្ទ ។

ទំនប់វារីអគ្គិសនី សាណាខាម នេះ ត្រូវ បានសាងសង់ ដោយក្រុមហ៊ុនយក្សចិនឈ្មោះ China Datang Corporation និង ត្រូវចំណាយ ប្រាក់សាងសង់ ប្រមាណជាង ២ ០០០លានដុល្លារ។ តាមគណៈកម្មការទន្លេមេគង្គ សាណាខាម នឹងអាចផលិតថាមពល អគ្គិសនីបានរហូតដល់ ៦៨៤មេហ្គាវ៉ាត់ នៅពេលដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២៨, ប៉ុន្តែសម្រាប់ទំនប់វារីអគ្គិសនីផ្សេងទៀត ត្រូវបានដាក់ឲ្យដំណើរការរួចរាល់អស់ហើយ។
ប្រទេសឡាវ ក៏ស្ថិតក្នុងចំណោមប្រទេសក្រីក្រផងដែរ បានពឹងផ្អែកលើប្រាក់ចំណូល បានមកពីថាមលពលវារីអគ្គិសនី។ មហិច្ឆតាក្រុងវៀងចន្ទ គឺស្ថាបនាទំនប់វារីអគ្គិសនីឲ្យបានរហូតដល់ ១៤០ កន្លែងនៅលើខ្សែទឹកសាបរបស់ខ្លួន រាប់ទាំងដងទន្លេមេគង្គផងដែរ និងធ្វើឱ្យប្រទេសខ្លួនក្លាយ ជា ធុងអាគុយផ្ទុកអគ្គិសនីនៅអាស៊ីអាគ្នេយ៍ដោយសង្ឃឹមនាំចេញថាមពលអគ្គិសនីប្រមាណ ជា ២០ ០០០មេហ្គាវ៉ាត់ ទៅកាន់ប្រទេសជិតខាងចាប់តាំងពី ពេលនេះ រហូតដល់កាលកំណត់ឆ្នាំ២០៣០៕ ពិសិដ្ឋ CEN



























