ភ្នំពេញ ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចាត់ ក្រុមការងារ ដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បន្ដចុះផ្សព្វផ្សាយអប់រំសុខភាព ដល់ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីក្រោយសម្រាលកូនរួច ប្រមាណជិត ១០០នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងឱ្យដឹងថា ការរៀបចំពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយអប់រំសុខភាពដល់ស្ត្រីមានផ្ទៃពោះ និងក្រោយសម្រាលកូននេះ ជាសកម្មភាពមួយឈានឆ្ពោះទៅការប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០»។

លោកស្រី ម៉ែន នារីសោភ័គ បានលើកយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ និងសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនទៅស្ដ្រីទាំងឡាយទាក់ទងទៅនឹងបញ្ហាសុខភាពផ្សេងៗ ជាពិសេសសុខភាពបន្តពូជរបស់ស្ត្រី ដូចខាងក្រោម ÷
- សូមទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទៀងទាត់ចំនួន ៤ដង តាមពេលវេលាកំណត់, ទៅទទួលថ្នាំបង្ការជំងឺតេតាណូស និងទៅចាក់វ៉ាក់សាំងជំងឺកូវីដ-១៩, ទៅទទួលយកសេវាបង្ការ/ព្យាបាលទាំងអស់, ពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្តាយទៅកូន។
- ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
- ទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់, ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។
- បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
- ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក/កុមារតូចទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ប្រសិនបើទារក/កុមារតូច មានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ។
- សូមជ្រើសរើសការពន្យារកំណើត ដើម្បីសុខភាពរបស់ម្តាយ និងទារក។

លើសពីនេះទៀត ប្រសាសន៍ផ្ដាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាផងដែរថា សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវាទាំងអស់ចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាក់ទងទៅនឹងការលើកកម្ពស់សុខភាពរបស់ស្ត្រី មាតា និងទារក ឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ-អន្តរជាតិ បន្តវិនិយោគក្នុងការងារសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ពិសេសសូមជួយឧបត្ថម្ភគាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី-បុគ្គលិកសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ក្នុងការជួយយកអាសារ និងគាំទ្រដល់ទុក្ខលំបាករបស់ស្ត្រី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















