Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា កំពុងជំរុញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីបន្ថែមទៀតជាមួយប្រទេសអ្នកមាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) បន្ថែមទៀត ជាមួយប្រទេសអ្នកមាន ដើម្បីពង្រីកទីផ្សារនាំចេញសម្រាប់ផលិតផលរបស់ខ្លួន។​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ប្រទេសដៃគូរពាណិជ្ជកម្មសំខាន់ៗ មានប្រទេសអារ៉ាប់រួម ឥណ្ឌា ជប៉ុន សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) កាណាដា និងប្រទេសអាមេរិកឡាទីន ស្ថិតក្នុងផែនការសម្រាប់ការចរចា FTA ទ្វេភាគី។

បច្ចុប្បន្ន កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ទ្វេភាគីចំនួនពីរ ជាមួយចិន និងសាធារណរដ្ឋកូរ៉េ ដែលចូលជាធរមានក្នុងខែមករា និងខែធ្នូ ឆ្នាំ ២០២២កន្លងទៅថ្មីៗនេះ។

កម្ពុជា ក៏មាន FTAs ពហុភាគី ដែលជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកតិកាសញ្ញាពាណិជ្ជកម្មក្នុងតំបន់ដ៏ធំមួយដែលមានប្រទេសប៉ាស៊ីហ្វិកចំនួន ១៥ ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ពង្រីកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា។

គួរបញ្ជាក់ថា យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញ របស់កម្ពុជា មានចំនួនជាង ២២ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៧% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ ផលិតផលកាត់ដេរមានកំណើន ១៤,១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២៦,២%, និងកសិផលមានកំណើន ៦,៦%។

ដោយឡែក ទំហំពាណិជ្ជកម្មនាំចូល មានចំនួនជាង ២៥ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១,៩% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ យានយន្តនិងគ្រឿងចក្រ, ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, គ្រឿងឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងទៀត៕

×